(ភ្នំពេញ)៖ វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់នារីកម្ពុជា (លីគនារី) ឆ្នាំ២០២០ រវាងក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ និងក្រុមព្រះខ័នរាជស្វាយរៀង ដែលគ្រោងប្រកួតនាថ្ងៃទី២៨ ខែកុម្ភៈចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ ត្រូវបានពន្យារពេលហើយ។ នេះបើតាមយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC។

ជុំវិញការសម្រេចផ្អាកការប្រកួតវគ្គផ្ដាច់ព្រ័ត្រលីគនារីនេះ ក្រោយកម្ពុជាកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ខ្លាំងក្នុងសហគមន៍ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កាលពីថ្មីៗកន្លងទៅ។ ដូច្នេះសហព័ន្ធ ក៏សម្រេចផ្អាកការប្រកួតជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ទន្ទឹមជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានសម្រេចផ្អាកការប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ រដូវកាលឆ្នាំ២០២០-២០២១ ជាបណ្ដោះអាសន្នផងដែរ៕