(ភ្នំពេញ)៖ លោក ប៊ុត សារាវុធ តារាសម្តែងមានរាងខ្ពស់ស្រឡះមានទឹកមុខមាំជាមួយពុកមាត់ពុកចង្ការ ដែលលោកអ្នកឃើញសម្តែងតែជាតួអង្គកាច បាញ់ប្រហារជាអ្នកលេងនោះ ពេលនេះបានប្តូរមកសម្តែងជាតួអង្គសុភាពរាបសារ ក្នុងត្រកូលអភិជនវិញម្តងតាមរយៈខ្សែភាពយន្តថ្មី «មហិច្ឆិតា»។

តាមរយៈការសម្តែងរឿងថ្មីនេះ លោក ប៊ុត សារាវុធ បានកាន់តំណែងជាតួអង្គកូនបងឈ្មោះ វិត្រា ត្រូវរាប់រងបន្ទុកគ្រួសារនិងក្រុមហ៊ុន ដោយឪពុកមិនមានលិទ្ធភាពជួយ ព្រោះក្រុមហ៊ុនរីកចម្រើនបានដោយគ្រួសារខាងម្តាយ ហើយត្រូវបានម្តាយឲ្យរៀបការជាមួយនារី មានចិត្តក្លែងក្លាយ លោភលន់នឹងមហិច្ឆិតា មិនត្រូវបានមើលឃើញ អំពើល្អក្នុងគ្រួសារ និងត្រូវបណ្តេញចេញពីគ្រួសារ និងក្រុមហ៊ុនទៀត ដោយមករស់នៅជាមួយគូជីវិត ដែលខ្លួនស្រឡាញ់ និងជ្រើសរើសដោយខ្លួនឯង ដែលកុំពុងដាក់បញ្ចាំងក្នុងទូរទស្សន៍ PNN។

ចំពោះការជ្រើសរើសសម្តែងនេះ លោក ប៊ុត សារាវុធ បានឲ្យដឹងថា វាប្រៀបបានជារសជាតិថ្មី សម្រាប់វិស័យសម្តែងមួយនេះ ព្រោះថាកន្លងមក លោកធ្លាប់តែសម្តែងជាតួរអង្គ បាញ់បោះឬជាអ្នកលេងជាដើម។ល។ ដោយឡែងក្នុងឆ្នាំថ្មី ឆ្នាំ២០២១នេះ និងស្របពេលដែលលោកខានបានសម្តែងមួយរយៈកន្លងមក ដោយរវល់និងការងាររាជការ និងជំនួញក្នុងគ្រួសារផង ហើយពេលនេះជាឱកាសថ្មីសម្រាប់លោក ដោយលោកអ្នកដឹកនាំបានផ្តល់ឲ្យដល់លោកផងនោះ លោកក៏សម្រេចសាកល្បងរសជាតិ ជាតួកំសត់តស៊ូ ឈឺចាប់នេះម្តងវិញ។

លោកបន្តថា លោកចង់ឲ្យអ្នកគាំទ្រលោកទាំងអស់ ដែលធ្លាប់តែឃើញលោកសម្តែង ជាតួអាក្រក់នោះ មកអាណិតលោកវិញម្តង។

គួរបញ្ជាក់ថា លោក ប៊ុត សារាវុធ ជាមន្ត្រីរាជ និងបានអាក់ខាន់ការសម្តែងមួយរយៈ ដោយលោកបានបញ្ចាប់ការងារខាងលើ តែពេលនេះលោកបានរយាលពីការងារ ក៏បានវិលវិញ ជាមួយនិងការធ្វើការងារសិល្បៈ។ អ្វីជាការកត់សម្គាល់ ពេលលោក ប៊ុត សារាវុធ ចេញទៅទីសាធារណៈតែងតែឃើញអ្នកគាំទ្រលោក ធ្វើការសុំថតជាមួយលោក ដែលបញ្ជាក់ពីការគាំទ្រ ចំពោះការសម្តែងរបស់លោក៕