(អាមេរិក)៖ ក្រុមហ៊ុន «Netflix» នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានប្រកាសពីគម្រោងវិនិយោគបន្ថែម ទៅលើការផ្សព្វផ្សាយ ឬការបង្ហាញ មាតិកានៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១នេះ ជាមួយទំហំទឹកប្រាក់ចំនួន ៥៥០ពាន់លានវ៉ុន ឬប្រមាណ ៥០០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ជាការកត់សម្គាល់ Netflix ដែលជាក្រុមហ៊ុនផ្សព្វផ្សាយខ្សែភាពយន្តដ៏ធំ និងល្បីលើពិភពលោកនោះ ទើបតែបានបង្ហាញនៅក្នុងកម្មវិធី «See What’s Next Korea 2021» ថា ពួកគេនឹងវិនិយោគប្រាក់ចំនួន ៥៥០ពាន់លានវ៉ុន (ជិត៥០០លានដុល្លារ) បន្ថែមទៀតលើមាតិកាកូរ៉េ (K Content) នៅក្នុងឆ្នាំនេះ បន្ទាប់ពីពួកគេបានវិនិយោគម្តងរួចមកហើយ នូវទឹកប្រាក់ ៧៧០ពាន់លានវ៉ុន (ជិត៧០០លានដុល្លារអាមេរិក)កាលពីពេលកន្លងទៅ។

លោកស្រី Kim Min Young នាយកទទួលបន្ទុកផ្នែកមាតិកាកូរ៉េ និងអាស៊ី បាននិយាយថា «យើងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ទៅលើ K Content ក្នុងឆ្នាំ២០២១នេះ។ នេះគឺជាយុទ្ធសាស្ត្ររបស់ពួកយើង ក្នុងការបង្កើត K Content ក៏ដូចជាជួយឱ្យឧស្សាហកម្មផលិតកម្មកូរ៉េរីកចម្រើនជាមួយគ្នា...។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយមាតិកាកូរ៉េទៅកាន់ពិភពលោកទាំងមូល។ យើងនឹងជួយអ្នកគាំទ្ររបស់យើងដែលនៅជុំវិញពិភពលោកទាំងមូលឱ្យបានស្គាល់ និងរកឃើញភាពសប្បាយពីមាតិកាកូរ៉េ»

ការបន្ថែមទុនវិនិយោគទៅលើការផ្សព្វផ្សាយមាតិកានៅកូរ៉េខាងត្បូងនៅពេលនេះ គឺបន្ទាប់ពីមើលឃើញថាបច្ចុប្បន្នមនុស្សប្តូរពីការទៅទស្សនាភាពយន្តតាមរោងកុន ទៅទស្សនាខ្សែភាពយន្តតាមប្រព័ន្ធអនឡាញវិញម្តង ដោយសារតែកូវីដ១៩ ដែលតម្រូវឲ្យមនុស្សគ្រប់គ្នានៅក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ៕