(អាមេរិក)៖ ក្រុមហ៊ុន ByteDance បានយល់ព្រមបង់ប្រាក់ចំនួន ៩២លានដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងក្ដីក្រោមបទចោទប្រកាន់ថា បាន ជ្រៀតជ្រែង ប្រើប្រាស់ និងតាមដានសកម្មភាព របស់អ្នកប្រើប្រាស់កម្មវិធី TikTok ដែលបណ្ដឹងនេះត្រូវបានធ្វើឡើងអស់រយៈពេលជាងមួយឆ្នាំ មកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

បណ្ដឹងខាងលើត្រូវបានប្ដឹងឡើងដោយអ្នកប្រើប្រាស់កម្មវិធី TikTok នៅក្នុងសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ថា ByteDance បានរំលោភលើទិន្នន័យ និងភាពជាឯកជនរបស់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ បានបដិសេដ ទៅលើការចោទប្រកាន់ និងបាន បញ្ជាក់ថា ការចោទប្រកាន់របស់អ្នកប្រើប្រាស់នោះគឺគ្មានភស្ដុតាងអ្វីឡើយ។ «យើងធ្វើការច្រានចោលការចោទប្រកាន់នេះអស់រយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែមើលទៅតុលាការហាក់ដូចជាមិន ស្ដាប់ ការ បកស្រាយ និង ភស្ដុតាងដែលយើងមាននោះទេ។ មកដល់ពេលនេះ យើងយល់ព្រមបង់ប្រាក់ តែយើងមិនទទួលស្គាល់ថា យើងបានធ្វើរឿងទាំងនេះឡើយ សង្ឃឹមថាតុលាការនឹងរកយុត្តិធម៌»។ នេះជាអ្វីដែល ByteDance បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាស។

យោងតាមពាក្យបណ្ដឹងបានឱ្យដឹងថា ByteDance បានជ្រៀតចូលទៅកាន់ឧបករណ៍របស់អ្នកប្រើប្រាស់តាមរយៈកម្មវិធី TikTok និងបាន ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើ ក្នុងគោលដៅកំណត់អត្តសញ្ញាណ និងដើម្បីទាញយកផលប្រយោជន៍ ផ្សេងៗ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មានអ្នកប្រើប្រាស់កម្មវិធី TikTok នៅសហរដ្ឋអាមេរិកជាង ១០០លាននាក់ ដោយក្នុងនោះមានអ្នកប្រើប្រាស់ មួយក្រុមតូចបានដាក់ពាក្យបណ្ដឹងខាងលើ ស្របពេលដែល លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យ ក្រុមមហ៊ុន ByteDance លក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ឱ្យទៅក្រុមហ៊ុនអាមេរិក ដើម្បីបញ្ជាក់ថា ក្រុមហ៊ុនចិនមួយនេះមិនជាប់ពាក់ព័ន្ធ នឹង រដ្ឋាភិបាលចិន៕