(ភ្នំពេញ)៖ ថ្វីត្បិតតែផលិតកម្ម HB Production ទើបតែបើកដំណើរការផលិតបទចម្រៀង ចរាចរនៅលើទីផ្សារ បានក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែនៅពេលនេះផលិតកម្ម បានប្រកាសជ្រើសរើស និងផ្ដល់ឱកាសដល់យុវវ័យជំនាន់ក្រោយ ដែលមានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងល្បី មកបញ្ចេញសមត្ថភាព និងចូលរួមជាមួយផលិតកម្ម ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ ទាំងក្នុងនិងក្រៅប្រទេស។

ថ្លែងប្រាប់ Fresh News Plus អ្នកគ្រប់គ្រងផលិតកម្ម HB លោក ខែម អ៊ីសាក់ បានប្រាប់ឲ្យដឹងថា ជាការពិត បច្ចុប្បន្ននេះផលិតកម្ម កំពុងតែដំណើរការផលិតបទចម្រៀង ជាបន្តបន្ទាប់ ដោយក្នុងនោះ យើងកំពុងតែត្រៀមបើកសម្ពោធស្ទូឌីយោថ្មី ដែលមានតម្លៃប្រមាណជិត១លានដុល្លារ ដើម្បីទុករៀបចំដល់ការផលិត និងថត MV។ ជាមួយគ្នានេះ ផលិតកម្ម ក៏មានគោលដៅជ្រើសរើសតារាចម្រៀងបន្ថែម ដើម្បីផ្ដល់ឱកាស ដល់អ្នកមានសមត្ថភាពពិតប្រាកដ មកចូលរួមបញ្ចេញទេពកោសល្យរបស់ខ្លួន លើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ ឲ្យកាន់តែល្បីខ្ទរខ្ទារ ទាំងលើឆាកជាតិ និងអន្តជាតិ។

លោក ខែម អ៊ីសាក់ បន្តថា ការជ្រើសរើសនេះ ផលិតកម្មនឹងជួយឧបត្ថម្ភគាំទ្រ ក្នុងការផលិត ការថត ដល់តារាច្រៀងគ្រប់រូប ដើម្បីបានបញ្ចេញនូវបទចម្រៀង ហើយបើបទចម្រៀង ឬតារាចម្រៀងណាមួយ ទទួលបានការគាំទ្រខ្លាំងពីមហាជន នោះម្ចាស់ផលិតកម្ម នឹងផ្ដល់ជារង្វាន់លើកទឹកចិត្តបន្ថែមទៀត។ លោកបង្ហើបថា ដោយសារតែម្ចាស់ផលិតកម្មស្រឡាញ់វិស័យសិល្បៈ និងចង់លើកស្ទួយវិស័យមួយនេះឲ្យរីកចម្រើន លោកបានចំណាយធនធាន ដែលចំណេញពីការធ្វើជំនួញរបស់លោក មកជួយដល់តារាចម្រៀងក្នុងផលិតកម្ម ដែលមានស្នាដៃល្អ។

យ៉ាងណាមិញ រាល់បទចម្រៀងទាំងអស់ ត្រូវបានអ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ថា គឺផ្ដោតសំខាន់លើការអប់រំ សីលធម៌ តម្លៃវប្បធម៌ ជាពិសេសបែបស្រុកស្រែចម្ការ ដែលជាអត្តសញ្ញាណរបស់ខ្មែរ ហើយគោលបំណងនៃការផលិតបទចម្រៀង មិនប្រកួតប្រជែងជាមួយផលិតកម្មណាមួយឡើយ ពោលគឺយើងចូលរួមអភិវឌ្ឍវិស័យសិល្បៈចម្រៀងទាំងអស់គ្នា។

សូមបញ្ជាក់ថា សព្វថ្ងៃនេះផលិតកម្ម HB Production មានតារាចម្រៀងចំនួន៣ដួងរួចទៅហើយ ក្នុងនោះរួមមាន លោក សៅ ឧត្តម, លោក ពេជ្រ ជេត្រា, កញ្ញា ដា នីកា ខណៈនេះផលិតកម្មបានប្រកាសថា ជ្រើសរើសតារាចម្រៀងនារីចំនួន២រូបបន្ថែមទៀត។ ក្រោយពីបើករយៈពេលខ្លី ប៉ុន្តែទទួលបានការគាំទ្រគួរសមហើយនោះ ជាពិសេសក្រោមការគ្រប់គ្រងរបស់លោក ខែម អ៊ីសាក់ បានធ្វើឲ្យផលិតកម្ម រីកចម្រើនឥតឈប់ឈរ ទទួលបានទំនុកចិត្តពីចៅហ្វាយនាយ រហូតដល់ម្ចាស់ផលិតកម្ម គឺលោកឧកញ៉ា ស៊ឹម ស៊ីដា បានផ្ដល់នូវកាដូរថយន្តមួយគ្រឿង ដល់អ្នកគ្រប់គ្រងរូបនេះ បន្ទាប់ពីមានស្នាដៃល្អក្នុងការដឹកនាំទៀតផង៕