(អាមេរិក)៖ កំពូលតារាចម្រៀងប៉បល្បីឈ្មោះរបស់អាមេរិក Lady Gaga បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥០ម៉ឺនដុល្លារដល់អ្នកដែលរកឃើញឆ្កែចិញ្ចឹមរបស់នាងចំនួនពីរក្បាល ឈ្មោះ Koji និង Gustav ក្រោយពួកវាទាំងពីរក្បាល ត្រូវបានចោរលួចកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមនាយកដ្ឋានប៉ូលីសទីក្រុង Los Angeles បាននិយាយថា បុរសអ្នកស៉ីឈ្នួលបណ្តើរសត្វឆ្កែរបស់ Lady Gaga ត្រូវបានគេបាញ់ ដើម្បីប្លន់យកសត្វចិញ្ចឹមនោះ នៅអំឡុងម៉ោង ១០យប់ ថ្ងៃពុធសប្តាហ៍នេះ ហើយក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យក្នុងស្ថានភាពមិនដឹងខ្លួន។ ក្នុងហេតុការណ៍នេះ គេឃើញមានបុរសជនសង្ស័យម្នាក់ យកឆ្កែចិញ្ចឹមរបស់ Lady Gaga ដែលជាពូជឆ្កែ bulldog បារាំង ពីដៃរបស់បុរសជនរងគ្រោះ ហើយក៏ជិះរថយន្តគេចខ្លួនចេញទៅបាត់ស្រមោល។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ ប្រភពបានឲ្យដឹងថា តារាចម្រៀង Lady Gaga នឹងផ្តល់ប្រាក់រង្វាន់កន្លះលានដុល្លារ ដល់បុគ្គលណាដែលយកសត្វឆ្កែសំណព្វទាំងពីរក្បាលរបស់នាងត្រឡប់មកឲ្យនាងវិញ ដោយទំនាក់ទំនងតាមរយៈអ៉ីម៉ែល [email protected]

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានបន្ថែមថា សត្វឆ្កែរបស់ Lady Gaga ទាំងពីរក្បាលនោះ ត្រូវជាយ៉ាងណាចំពោះនាងឡើយ តែមហាជនអាចសន្និដ្ឋានបានថា ពូជឆ្កែ bulldog បារាំង របស់នាងទាំងពីរក្បាលនោះ គឺមានតម្លៃខ្លាំងណាស់ចំពោះតារាចម្រៀងរូបនេះ ព្រោះនាងហ៊ានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបានវាត្រឡប់មកវិញ។

ទន្ទឹមគ្នានេះ គេមិនទាន់ដឹងនៅឡើយទេថា តើចោរដែលប្លន់ឆ្កែរបស់នាងយកទៅនោះ មានបំណងបែបណា ខណៈបច្ចុប្បន្នប៉ូលីសកំពុងបើកការស៉ើបអង្កេតផងដែរ៕