(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈចលនាមហាជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់យុវជនគណបក្សខេត្តត្បូងឃ្មុំ ។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំធំ នៃមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ដោយមានកាអញ្ជើញចូលរួមពីសំណាក់ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងលោក លោកស្រី លោកប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន គណៈកម្មការសាខាបក្ស មន្ទីរ/អង្គភាពជុំវិញខេត្ត គ្រូបង្វឹក ក្រុមការងារ និងក្រុមកីឡាករ។

នាឱកាសនោះលោក ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានសម្តែងនូវក្តីរីករាយ ក៏ដូចជាបានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដល់ប្អូនៗ ក្មួយៗ ដែលជាក្រុមកីឡារ និងសូមចៀសឆ្ងាយពីអំពើអបាយមុខ ជាពិសេសត្រូវរួមសាមគ្គីគ្នា ដើម្បីទទួលបានជ័យជំនះដើម្បីខេត្តត្បូងឃ្មុំយើង។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈចលនាមហាជនគណបក្សខេត្ត បានលើកទឹកចិត្តឲ្យក្រុមយុវជនកីឡាបាល់ទាត់ ព្រមទាំងជាសមាជិក សមាជិកាបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានខ្ពស់ បន្តការកសាងកម្លាំងគាំទ្រជាយុវជនសម្រាប់បន្តរក្សាឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ព្រមទាំងចូលរួមការកសាង ការរៀបចំជ្រើសរើសនូវបេក្ខភាពជាយុវជនបន្តវេនដែលមានសមត្ថភាព មានការស្រឡាញ់រាប់អានគាំទ្រ និងជឿទុកចិត្តពីប្រជាជននៅក្នុងមូលដ្ឋាន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ក្រុមកីឡាករ គ្រូបង្វិក និងក្រុមការងារទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាម វិធានការការពារកូវីដ-១៩ គឺ «៣ ការពារ ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន ក្នុងបង្ការការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនប្រទេសជាតិ ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

លោកបណ្ឌិត អភិបាលខេត្ត សង្ឃឹមថា ក្រុមកីឡាករ ខិតខំព្យាយាម ហ្វឹកហាត់ ត្រងត្រាប់ស្តាប់តាមការណែនាំរបស់គ្រូបង្វឹក រួមសាមគ្គីគ្នា ដើម្បីការប្រកួតនាពេលដ៏ខ្លីខាងមុខនេះទទួលបានជ័យជំនះ និងជាពិសេសលើកស្ទួយវិស័យបាល់ទាត់ឲ្យរីកចម្រើនតទៅ និងជួយលើកមុខលើកមាត់ខេត្តត្បូងឃ្មុំ ពោលគឺខេត្តកូនពៅពិតមែន តែកីឡាមិនមែនចំណាត់ថ្នាក់ពៅនោះឡើយ។

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ នាឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឧបត្ថម្ភដល់ក្រុមការងារយុវជនគណបក្សខេត្ត ថវិកាចំនួន៥លានរៀល បន្ថែមពីនេះលោក ហាក់ សុខមករា ក៏បានឧបត្ត្ថម្ភផងដែរនូវសំលៀកបំពាក់ដល់កីឡាករចំនួន៥០កំប្លេរ បាល់ទាត់ចំនួន៥ និងថវិកាក្នុងម្នាក់ៗ ចំនួន៤ម៉ឺន ដល់កីឡាករ និងគ្រូបង្វឹកសរុប៣៥នាក់៕