(ភ្នំពេញ)៖ ទិវារត់ប្រណាំងកម្សាន្ដស្ដ្រី និងកីឡា លើកទី២ ដែលគ្រោងរៀបចំនាថ្ងៃទី០៨ ខែមីនា ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ត្រូវបានផ្អាកហើយ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ប្រភពខាងលើបានបញ្ជាក់ថា «ដោយសារជំងឺ Covid-19 នៅមានវត្តមានក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលខ្លាំងក្នុងតំបន់ និងលើពិភពលោកនៅឡើយ ដូចនេះដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ-កីឡាការិនី និងអ្នកគាំទ្រទាំងឡាយ ទិវារត់ប្រណាំងកម្សាន្ដស្រ្ដី និងកីឡា ដែល NOCC និងក្រសួងទេសចរណ៍ គ្រោងរៀបចំក្នុងទិវាសិទ្ធិនារី ៨-មីនា ត្រូវបានផ្អាកតាមសេចក្ដីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ»

ដោយហេតុនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍បានស្នើសុំការយោគយល់ពីកីឡាករ-កីឡាការិនី និងដៃគូសហការទាំងអស់ ហើយចូលរួមសហការណ៍ជាក់ស្ដែងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ លើសពីនេះ គណៈកម្មការរៀបចំក៏បានអំពាវនាវដល់កីឡាករ-កីឡាការិនីទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ៕