(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Everton លោក Carlo Ancelotti បានឲ្យដឹងថា រូបលោកចង់បន្តការងារជាមួយក្លិបនេះរហូតបានឃើញកីឡាករបង្ហាញខ្លួនក្នុងកីឡដ្ឋានថ្មី Bramley Moore Dock ដែលគ្រោងបញ្ចប់ការសាងសង់នៅរដូវកាលឆ្នាំ២០២៤-២០២៥ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្លិបស្ករគ្រាប់ Everton បានចាប់ផ្តើមគម្រោងសាងសង់កីឡដ្ឋានដ៏ធំទី២ របស់ខ្លួនដែលមានកៅអីប្រមាណ ៥២,៨៨៨កៅអី សម្រាប់ទស្សនាការប្រកួតដែលផែនការនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រចាំទីក្រុង Liverpool កាលពីថ្ងៃទី២៣ ខែកុម្ភៈរួចហើយ។

លោក Ancelotti បានចូលមកកាន់តំណែងជាគ្រូបង្វឹកក្លិបស្ថិតក្នុងលីគអង់គ្លេស Premier League ដែលមានរហស្សនាម (ស្ករគ្រាប់) Everton នៅឆ្នាំ២០១៩ បានលើកឡើងថា «លោកមានអារម្មណ៍ល្អណាស់សម្រាប់នៅទីនេះ ដោយចង់បន្តការស្នាក់នៅរយៈពេលវែងបន្ថែមទៀត រហូតកីឡដ្ឋានថ្មីត្រូវបើក ហើយវានឹងក្លាយជាសមិទ្ធផលល្អសម្រាប់ខ្ញុំទៀតផង»

ការថ្លែងមុនការប្រកួតស្វែងរក ៣ពិន្ទុនៅ Premier League ដោយត្រូវជួបក្រុម Southampton ជើងទី២ នៅថ្ងៃចន្ទ ទី០២ ខែមីនាខាងមុខនេះយ៉ាងដូច្នេះថា «លោកមានកិច្ចព្រមព្រៀងចុងក្រោយនៅខែមិថុនា ឆ្នាំ២០២៤ តែបើសិនជាយើងបន្តធ្វើការងារបានល្អ នោះកិច្ចសន្យាបញ្ចប់នឹងមិនកើតមានឡើយនៅឆ្នាំ២០២៤»