(ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនលើទីលានជាថ្មីជាមួយក្រុមនាគខៀវបឹងកេតវិញហើយ បន្ទាប់ពីអវត្តមានជិត ១ឆ្នាំ កាលពីរដូវកាលឆ្នាំ២០២០ និងអំឡុងពេល Pre-Season ត្រៀមរដូវកាលថ្មីនាពេលកន្លងទៅ។

តាមរយៈការបង្ហាញវត្តមានលើទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនាល្ងាចថ្ងៃសុក្រនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងទទួលបានការសាទរជាច្រើនដែលខ្សែប្រយុទ្ធឆ្នើមរូបនេះវិលត្រឡប់ចូលទីលានវិញ បន្ទាប់ពីមានព័ត៌មានចរចាមអារ៉ាមខ្លះថា វឌ្ឍនាកា បានចូលនិវត្តន៍ ហើយខ្លះថា រូបគេបានផ្លាស់ប្ដូរទ្រនំថ្មី។

គួរដឹងថា ចាន់ វឌ្ឍនាកា បានអវត្តមានពីការហ្វឹកហាត់ និងការប្រកួតជាមួយក្រុមជើងឯក ៤សម័យ បឹងកេត តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ពោលគឺក្រោយបង្ហាញខ្លួនបាន ៣សប្ដាហ៍ប៉ុណ្ណោះក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ ការអនុវត្តមានពីទីលានដោយគ្មានមូលហេតុនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងបន្ដចង់ដឹងជាខ្លាំងរហូតមកទល់បច្ចុប្បន្ន៕