(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវតតាំងជាមួយអតីតក្រុមខ្លាំង AC Milan ដែលធ្លាប់ឈ្នះជើងឯក UEFA Champions League ចំនួន ៧សម័យកន្លងមក ក្នុងវគ្គ ១៦ក្រុងចុងក្រោយនៃពានលំដាប់ទី២ អឺរ៉ុប Europa League ក្នុងការចាប់ឆ្នោតដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ជាញឹកញាប់នាពេលកន្លងមក ក្រុមទាំងពីរខាងលើនេះនេះតែងតែជួបគ្នាក្នុង Champions League គ្រាដែល AC Milan របស់អ៉ីតាលីពុំទាន់ធ្លាប់ឈ្នះពាន Europa League ម្តងនៅឡើយទេ ស្របពេលក្រុមអង់គ្លេស Man Utd ធ្លាប់ឈ្នះបានម្តងកាលឆ្នាំ២០១៧ ស្ថិតក្រោមការបង្វឹករបស់លោក Jose Mourinho។

ដូចគ្នានោះដែរ ក្រុមរបស់លោក Ole Gunnar Solskjaer នឹងត្រូវប្រជែងជាមួយអតីតខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលធ្លាប់លេងឲ្យ Man Utd នៅអំឡុងឆ្នាំ២០១៦-២០១៧ ផងដែរនៅពេលជើងទី១ ចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា មុនពេលជើងទី២ ចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដែលជាការជួបគ្នាលើកទី១២ ក្នុងព្រឹត្តិការណ៍ពានអឹរ៉ុបមួយនេះ។

ដូចគ្នានោះដែរ Arsenal ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៩ ត្រូវប៉ះអតីតសត្រូវចាស់ Olympiakos របស់ក្រិក ដែលបានទម្លាក់ពួកគេចេញពីវគ្គ ៣២ក្រុមកាលពីរដូវកាលមុននៃ UEFA Europa League នៅពេលដែល Tottenham Hotspur ត្រូវប៉ះក្រុមរបស់ក្រូអាត Dinamo Zagreb គ្រាដែល Rangers ត្រូវប៉ះ Slavia Prague ដែលបានទម្លាក់ Leicester City ក្នុងវគ្គ ៣២ក្រុមថ្មីៗនេះ៕