(ភ្នំពេញ)៖ ក្រុមចម្រៀង K-POP នារីល្បីឈ្មោះ BLACKPINK ត្រូវបានតែងតាំងជាអ្នកចូលរួមផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីការបម្រែបម្រួលអាកាសធាតុ (COP26) លើកទី២៦។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ ក្រុមចម្រៀងនារីមួយនេះ ទើបតែបានទទួលលិខិតមួយច្បាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson មានអត្ថន័យកោតសរសើរក្រុមចម្រៀងមួយនេះ ក៏ដូចជាអញ្ជើញឲ្យចូលរួម ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពី បញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreatimes នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការទទួលលិខិតខាងលើ គឺត្រូវបានធ្វើឡើង ពេលដែលក្រុមចម្រៀង BLACKPINK ត្រូវបានអញ្ជើញទៅស្ថានទូតអង់គ្លេស ប្រចាំនៅកូរ៉េខាងត្បូងនៅថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងលិខិតនោះ លោក Boris Johnson បាននិយាយថា វីដេអូនាពេលថ្មីៗនេះ ដែលនិយាយពីបញ្ហាអាកាសធាតុ (Climate Action in Your Area) ដែលបង្ហោះនៅលើយូធូផ្លូវការរបស់ក្រុម BLACLPINK គឺទទួលបានជោគជ័យជាខ្លាំង ជាមួយចំនួនអ្នកចូលទស្សនាច្រើនជាង ១០លានដង។ បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាសំខាន់ខ្លាំងណាស់នៅពេលវេលាមួយនេះ...វាពិតជាអស្ចារ្យដែលក្រុម BLACKPINK ត្រូវបានជ្រើសរើសសម្រាប់ពេលវេលាមួយនេះ ក្នុងន័យជុំរុញការយល់ដឹងឲ្យកាន់តែច្រើនពីបញ្ហាសំខាន់នេះ។

ទន្ទឹមគ្នានេះ ក្រុមចម្រៀង BLACKPINK ក៏បាននិយាយថា ពួកគេយល់ច្បាស់ណាស់ពីបញ្ហាដ៏សំខាន់មួយនេះ ហើយក៏ជំរុញឲ្យបណ្តាអ្នកគាំទ្រចូលរួមផ្តួចផ្តើមគំនិត ដើម្បីទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុផងដែរ។

គួរជម្រាបថា កាលពីខែធ្នូកន្លងទៅនេះ ក្រុមចម្រៀង BLACKPINK បានបង្ហាញខ្លួនក្នុងវិដេអូមួយ និយាយពីការផ្សព្វផ្សាយ អំពីសន្និបាទអង្គការសហប្រជាជាតិ ស្ដីពីការបម្រែបម្រួលអាកាសធាតុ ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២១ ក្នុងប្រទេស Scotland នៃចក្រភពអង់គ្លេស៕