(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី ជាប្រទេសតូចជាងគេនៅអាស៊ានដែលមានផ្ទៃដីសរុបជាង ៧០០ គីឡូម៉ែត្រក្រឡា ខណៈរដ្ឋាភិបាលបានកំណត់ទិសដៅថានឹងពង្រីងផ្ទៃដីឱ្យបាន ១០០ គីឡូម៉ែត្របន្ថែមទៀតនៅឆ្នាំ២០៣០ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ហើយថា ប្រទេសសិង្ហបុរីតូចយ៉ាងនេះ តើមានសត្វព្រៃដូចប្រទេសដទៃដែរឬទេ?

ចម្លើយជុំវិញចម្ងល់មួយនេះ គឺថាប្រទេសិង្ហបុរីគ្មានសត្វព្រៃដែលរស់នៅតាមព្រៃភ្នំដូចប្រទេសដទៃនោះទេ ប៉ុន្តែរដ្ឋបាលភិបាលនាគអាស៉ីមួយនេះបានរៀបចំជាសួនសត្វព្រៃធំមួយ សម្រាប់ឱ្យភ្ញៀវទេសចរទស្សនាកម្សាន្ត និងអាចទស្សនានៅពេលរាត្រីបានទៀតផង។

ដំណើរទស្សនាសត្វពេលរាត្រីនៅប្រទេសសិង្ហបុរីនេះ គឺបានបន្តមកជិតពីរទសវត្សហើយ ពោលគឺបានបើកសម្ពោធដំបូងនៅខែឧសភា ឆ្នាំ១៩៩៤ ដោយបានជាប់ឈ្មោះជាសួនសត្វពេលរាត្រីមុនគេបង្អស់នៅលើពិភពលោក។

វាត្រូវបានចំណាយថវិកាស្ថាបនាអស់ប្រមាណ ៥២ លានដុល្លារអាមេរិក នៅលើផ្ទៃដីជាង ៤០ ហិកតា ដែលមានទីតាំងស្ថិតនៅសួនសត្វសិង្ហបុរី (Singapore Zoo) និងអាងស្តុកទឹក (Upper Seletar Reservoir) សួនសត្វរាត្រីនេះជាជម្រកនៃសត្វ ១២០ ប្រភេទខុសៗគ្នា ដែលមានចំនួនសរុប ១,០៤០ ក្បាល ក្នុងនោះមាន ៣០ ភាគរយ គឺជាប្រភេទសត្វកម្រ និងជិតផុតពូជ។

សួនសត្វរាត្រីទទួលបានភ្ញៀវទេសចរជាង ១ លាននាក់ជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរដែលមកទីនេះនិយមគយគន់សត្វជាច្រើនប្រភេទ រួមមាន សត្វរមាសពូជឥណ្ឌា សត្វកំប្រុកភ្នែកលៀនពូជកម្រ សត្វរមាំង ក្តាន់ និងសត្វកំប្រុកយក្សមានស្លាបចេះហោះសំកាំងខ្លួនជាដើម។

ថ្វីដ្បិតសួនសត្វនេះស្ថិតក្នុងពេលរាត្រីក៏ពិតមែន ប៉ុន្តែបច្ចេកទេសបំពាក់ភ្លើងដ៏ស្រទន់ដូចពន្លឺព្រះច័ន្ទ បានធ្វើឱ្យភ្ញៀវទេសចរហាក់មានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងព្រៃពិតៗ ខណៈដែលពពួកសត្វទាំងនោះក៏មិនត្រូវបានរំខានដោយពន្លឺចែងចាំងដែរ។ ម្យ៉ាងវិញទៀត ពពួកសត្វទាំងនោះក៏មិនត្រូវបានជាប់ចំណង ឬដាក់ក្នុងទ្រុងឃុំឃាំងនោះដែរ ពោលគឺភ្ញៀវអាចជិះឡានបណ្តើរទស្សនាបណ្តើរ ជាមួយនឹងរនាំងការពារបែបធម្មជាតិ។

ក្រៅពីទស្សនីយភាពនៃជីវិតសត្វព្រៃខាងលើ អ្វីដែលពិសេសជាងនេះទៀតនោះ គឺមានការសម្តែងសិល្បៈវប្បធម៌របស់ក្រុមជនជាតិភាគតិច ការផ្លុំខ្លុយជនជាតិ និងការសម្តែងដុតភ្លើងក្នុងមាត់ផងដែរ ខណៈសត្វមួយចំនួនត្រូវបានគេយកទៅបង្វឹកឱ្យចេះសម្តែងសៀកក្នុងពេលរាត្រី។ កន្លងមក សួនសត្វរាត្រីនេះធ្លាប់មានខ្លារួចចេញពីសួន ហើយធ្លាប់មានភ្ញៀវទេសចរជនជាតិចិនម្នាក់ត្រូវឆ្មាក្រញាំមុខក្នុងពេលទស្សនាការសម្តែង។

ប្រជាប្រិយភាពរបស់សួនសត្វសិង្ហបុរីនេះ បានធ្វើឱ្យវាទទួលបានបណ្ណសរសើរជាច្រើននៅលើឆាកអន្តរជាតិ។ សួនសត្វរាត្រីចាប់បើកពីម៉ោង ៧៖៣០ នាទីយប់ ដល់ពាក់កណ្តាលអធ្រាត្រ ជាមួយនឹងតម្លៃសំបុត្រប្រមាណ ២០ ដុល្លារអាមេរិក៕