(ភ្នំពេញ)៖ លោក Colum Curtis គ្រូបង្វឹកក្រុមវិសាខាលើកឡើងថា លីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលគ្រោងបើករដូវកាលថ្មីនាចុងសប្ដាហ៍ក្រោយ នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីក្រុមធំៗ បានអភិវឌ្ឍខ្លួនយ៉ាងល្អ ពិសេសការនាំចូលកីឡាករថ្មីៗ ដើម្បីពង្រឹងគុណភាពលើសមរភូមិវាលស្មៅកាន់តែប្រសើរថែមទៀត។

ទន្ទឹមជាមួយគ្នា វិសាខា ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត នារដូវកាលថ្មីខាងមុខ បន្ទាប់ពីពួកគេបាននាំចូលកីឡាករមានគុណភាពមួយចំនួន ហើយបានឆ្លងកាត់ការប្រកួតពានរង្វាន់មិត្តភាពមុនបើករដូវកាលថ្មី Pre-Season ចំនួន ៣លើកកន្លងមក ដោយឈ្នះជើងឯក ២កម្មវិធី និងឈ្នះជើងឯងរង ១កម្មវិធីកាលពីពេលថ្មីៗកន្លងទៅ។

លោក Colum និយាយថា «ឆ្នាំនេះ លីគយើងនឹងមានការប្រកួតប្រជែងខ្លាំង ដោយសារមានក្លិបច្រើន បានអភិវឌ្ឍខ្លួនល្អមែនទែន ពិសេសនាំចូលកីឡាករថ្មីៗដូចជាក្លិបណាហ្គាវើលដ៏ គាត់បាននាំចូលកីឡាករបរទេសមានគុណភាពជាច្រើនពីបរទេស។ ភ្នំពេញក្រោន បាននាំយកគ្រូបង្វឹក ដែលមានបទពិសោធ និងពោរពេញដោយសមត្ថភាពរបស់គាត់ត្រឡប់មកវិញ។ ក្រុមបឹងកេតដូចគ្នា គាត់មានគ្រូពូកែ និងមានកីឡាករមានសមត្ថភាពល្អៗ។ ឯព្រះខ័នរាជស្វាយរៀង ក៏ពួកគាត់រៀបចំបានល្អដែរ អំឡុងពេលត្រៀមបើករដូវកាលថ្មីនេះ»

យ៉ាងណាមិញលោក Colum Curtis បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើក្រុមរបស់ខ្លួន បន្ទាប់ពីលោកបាននាំចូលកីឡាករមានគុណភាព មកបំពេញចំណុចខ្វះខាតកាលពីរដូវកាលមុន ដូចជា ធារី ចន្ថាប៊ីន, Charlie Machell និង Marcus Haber ជាដើម។ លោកថា សមាជិកថ្មីទាំង ៣រូបនេះ សុទ្ធតែជាកីឡាករមានគុណភាព និងកម្រិតអាជីព។ ដូច្នេះផ្អែកលើបទពិសោធលើឆាកអន្ដរជាតិរបស់ពួកគេ ផ្គួបជាមួយធនធានកីឡាករចាស់ លោករំពឹងថា វិសាខា នឹងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ នារដូវកាលថ្មីខាងមុខ។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ឆ្នាំ២០២១ គ្រោងនឹងបើកការប្រកួតរដូវកាលថ្មីនាថ្ងៃទី០៦-៧ ខែមីនាសប្ដាហ៍ក្រោយ។ ប៉ុន្ដែដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ការបើករដូវកាលថ្មីនេះ នឹងប្រកួតលក្ខណៈបិទទ្វារបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កាលពីថ្មីៗ៕