(អាមេរិក)៖ បន្ទាប់ពីត្រូវបានចោរលួចអស់រយៈពេលពីរថ្ងៃ នៅពេលនេះសត្វឆ្កែ bulldog បារាំង ពីរក្បាលរបស់កំពូលតារាចម្រៀង Lady Gaga ឈ្មោះថា Koji និង Gustav ត្រូវបានរកឃើញហើយ ខណៈប្រាក់រង្វាន់ចំនួន ៥០០,០០០ ដុល្លារ ត្រូវបានប្រគល់ឲ្យស្ត្រីម្នាក់ ដែលយកសត្វសំណព្វរបស់ Lady Gaga ត្រឡប់មកវិញដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមមន្ត្រីប៉ូលីសនៅតំបន់ Los Angeles បានឲ្យដឹងថា សត្វចិញ្ចឹមទាំងពីរក្បាលរបស់តារាចម្រៀង Lady Gaga ត្រូវបានស្ត្រីម្នាក់ យកមកប្រគល់ឲ្យដល់ប៉ុស្តិ៍ប៉ូលីស ខណៈស្ត្រីរូបនោះត្រូវបានគេដឹងថា មិនជាប់ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធ ដើម្បីលួចសត្វឆ្កែនោះឡើយ។ តែយ៉ាងណា មិនមានការបញ្ជាក់បន្ថែមទេថា តើស្ត្រីរូបនោះ ទទួលបានសត្វឆ្កែទាំងពីរក្បាលរបស់ Lady Gaga ដោយវិធីណា។

ទន្ទឹមគ្នានេះ តារាចម្រៀង Lady Gaga បានផ្តល់ប្រាក់ចំនួន ៥០០,០០០ដុល្លារ ដល់អ្នកដែលយកវាត្រឡប់មកវិញដោយសុវត្ថិភាព ហើយនាងបានបង្ហោះសារដំបូងលើបណ្តាញសង្គម Instagram ថានាងបានបួងសួងឲ្យសត្វចិញ្ចឹមរបស់នាងត្រឡប់មកវិញដោយសុវត្ថិភាព ព្រោះបេះដូងរបស់នាងគឺ ឈឺចាប់ខ្លាំងណាស់...។

គួរជម្រាបថា ស្ត្រីដែលយកសត្វចិញ្ចឹមរបស់ Lady Gaga ត្រឡប់មកវិញនោះ មិនត្រូវបានចាប់ខ្លួនឡើយ តែយ៉ាងណាបច្ចុប្បន្នប៉ូលីសនៅតែបន្តរកអត្តសញ្ញាណបុរសពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចសត្វឆ្កែរបស់ Lady Gaga៕