(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នៅពេលនេះត្រូវបានគេរាយការណ៍មកថា មានគម្រោងចង់ផលិតរថយន្តអគ្គិសនី ខណៈដែលស្ថានភាពរបស់ក្រុមហ៊ុននៅតែមិនទាន់ល្អប្រសើរ ទោះបីផុតអាណត្តិរបស់លោក ដូណាល់ ត្រាំ ក្ដី ក៏ការដាក់ទណ្ឌកម្ម ពីសំណាក់ សហរដ្ឋអាមេរិក មកលើក្រុមហ៊ុនមួយនេះមិនទាន់ដកចេញនោះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Huawei ពិតណាស់ គឺ មានផែនការចង់បង្កើត រថយន្តអគ្គិសនីនៅចុងឆ្នាំនេះ ដោយប្រើស្លាកសញ្ញា Huawei ផ្ទាល់តែម្ដង ពោលគឺមិនសហការជាមួយនឹង ក្រុមហ៊ុន ណាមួយក្នុងការបង្កើតឡើង។

ប្រភពដែលផ្ដល់ព័ត៌មាននេះ បានអះអាងថា ក្រុមហ៊ុន Huawei មិនត្រឹមតែមានគម្រោងចង់ផលិតរថយន្តអគ្គិសនីនៅចុងឆ្នាំនេះប៉ុណ្ណោះទេ គឺថែមទាំងចង់ដាក់ដំណើរការរថយន្តម៉ូដែលមួយចំនួននៅចុងឆ្នាំនេះតែម្ដង ព្រោះក្រុមហ៊ុនមួយនេះបានរចនាម៉ូដរថយន្តអគ្គិសនីរបស់ខ្លួនរួចរាល់ ហើយ ។

ត្បិតតែក្រុមហ៊ុន Huawei បានកំណត់គោលដៅប្រើប្រាស់ស្លាកសញ្ញារបស់ខ្លួនសម្រាប់រថយន្តអគ្គសនីក្ដី ប៉ុន្តែសម្រាប់បច្ចេកទេស និង ឧបករណ៍ ផ្គត់ផ្គង់មួយចំនួន ប្រហែលជាត្រូវពឹងផ្អែកលើក្រុមហ៊ុនផលិតរថយន្តផ្សេងៗ ខណៈដែល សេចក្ដីរាយការណ៍ថ្មីនេះបានអះអាងថា មុននេះ Huawei បានជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត Changan Automobile ដែលជាកម្មសិទ្ធិរបស់រដ្ឋភិបាល និង ក្រុមហ៊ុន មួយចំនួនទៀត។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ត្រូវបានអ្នកនាំពាក្យរបស់ Huawei ច្រានចោល និងបានបញ្ជាក់ថា Huawei គឺមិនមែនជាក្រុមហ៊ុនផលិតរថយន្ត នោះទេ តែជាក្រុមហ៊ុនប្រភេទ OEM (ក្រុមហ៊ុនផលិតឧបករណ៍ដើម) ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីផ្សារថយន្តអគ្គិសនីកំពុងតែមានសន្ទុះយ៉ាងខ្លាំង ជាពិសេសគឺក្រុមហ៊ុន Tesla តែម្ដង ដោយបាននាំមុខគេ នៅ ក្នុងទីផ្សាររថយន្តមួយនេះ ខណៈដែលប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីដ៏ធំមិនចាញ់អឺរ៉ុបឡើយ៕