(សេវិយ៉ា)៖ Lionel Messi រកបាន ១គ្រាប់ក្នុងជ័យជម្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះ Sevilla ដើម្បីជួយ FC Barcelona ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង La Liga វិញគិតត្រឹមសប្តាហ៍ទី២៥ នៃជើងទី២នេះ ដាក់សម្ពាធដល់ក្រុមកំពូលតារាង Atletico Madrid។

ប្រធានក្រុមពាក់លេខ១០ Messi បានអូសបាល់ដាច់ជាមួយអ្នកចាំទី Bono និងផ្តេកខ្លួនស៊ុតបញ្ចូលទីយ៉ាងស្អាតនៅនាទី៨៦ នៅក្រោយពេលបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Ousmane Dembele រកបានគ្រាប់ទី១ តាំងពីនាទីទី២៩ ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Sevilla ប្រទេសអេស្ប៉ាញនារាត្រីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ronald Koeman ផ្លោះពីលេខ៣ ឡើងទៅឈរនៅលេខរៀងទី២ នៅលីគកំពូលអេស្ប៉ាញ La Liga ជាបណ្តោះអាសន្នវិញដោយមាន ៥៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Atletico Madrid មកនៅត្រឹម ២ពិន្ទុប៉ុណ្ណោះ តែពួកគេ (Atletico) នៅសល់ ២ប្រកួតក្នុងដៃ នៅពេល Real Madrid ដែលជាក្រុមការពារតំណែងជើងឯកនោះ ធ្លាក់មកលេខ៣ វិញដោយមាន ៥២ពិន្ទុ និង Real នៅសល់ ១ប្រកួតក្នុងដៃដែរ។

១គ្រាប់បន្ថែមរបស់កីឡាករវ័យ ៣៤ឆ្នាំ Messi ធ្វើរូបគេបន្តឈរនៅ Top scorer ដដែល ដោយមាន ១៩គ្រាប់នៅពេល Luis Suarez របស់ក្លិប Atletico Madrid មានតែ ១៦គ្រាប់ប៉ុណ្ណោះ។ Barcelona បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដី Camp Nou ពេលប៉ះ Sevilla ក្នុងរដូវកាលនេះ៕