(ភ្នំពេញ)៖ ក្នុងករណី ប្តីប្រពន្ធ / ប្តី ឬប្រពន្ធ មានជំពាក់បំណុល ឬកាតព្វកិច្ចផ្សេងទៀត តើពួកគេត្រូវទទួលខុសត្រូវរួមគ្នាដែរឬទេ?

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោង ស្តីពី ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

តាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពីសិទ្ធិរបស់សហព័ទ្ធ (ប្តីប្រពន្ធ) ទាក់ទងនឹងការប្រើប្រាស់ គ្រប់គ្រងទ្រព្យសម្បត្តិរួម នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ និងសិទ្ធិបែងចែកទ្រព្យសម្បត្តិរួម នៅពេលលែងលះ។ ទន្ទឹមនឹងនោះ ច្បាប់ក៏បានបញ្ញត្តអំពីបំណុល ឬកាតព្វកិច្ចផ្សេងទៀតរបស់ប្តីប្រពន្ធ ដែលកើតមានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ដោយកំណត់ឱ្យប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា (កាតព្វកិច្ចសាមគ្គី) ចំពោះបំណុលរួមផងដែរ។

តើអ្វីទៅជាបំណុលរួម?

បំណុលរួម គឺជាសោហ៊ុយចំណាយដូចខាងក្រោម៖

១៖ សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាល ថែទាំកូនជាអាទិ៍ (មាត្រា ៩៧៥ ចំណុច «ក» នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍៖ ប្តីបានចាកចេញពីផ្ទះទៅរស់នៅជាមួយស្រីកំណាន់ ហើយក៏មិនបានផ្តល់ប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ ប្រពន្ធត្រូវទទួលខុសត្រូវចំពោះការចំណាយនៅក្នុងគ្រួសារ ជាពិសសថ្លៃឈ្នួលផ្ទះជារៀងរាល់ខែ។ ដោយសារជីវភាពជួបបញ្ហា ប្រពន្ធបានខ្ចីប្រាក់ពីបងស្រីរបស់ខ្លួនចំនួន ២.០០០ដុល្លារ ប្រាក់នោះត្រូវបានចំណាយសម្រាប់ថ្លៃឈ្នួលផ្ទះក្នុងមួយខែ ចំនួន ៣០០ ដុល្លារ រយៈពេល ៣ ខែ ស្មើនឹងចំនួន ៩០០ ដុល្លារ ហើយបានទិញម៉ូតូមួយគ្រឿងសម្រាប់ជិះទៅធ្វើការ និងជូនកូនទៅសាលារៀន (ម៉ូតូចាស់បានខូច) ក្នុងតម្លៃ ៥០០ ដុល្លារ និងប្រាក់ចំនួន ៦០០ ដុល្លារទៀត សម្រាប់ការចំណាយថ្លៃទឹកភ្លើង អាហារហូបចុកប្រចាំថ្ងៃ។

បំណុលចំនួន ២.០០០ ដុល្លារ ដែលប្រពន្ធជាអ្នកខ្ចីពីបងស្រី ត្រូវបានរាប់បញ្ចូលជាសោហ៊ុយសម្រាប់កិច្ចការគ្រួសារ ដែលច្បាប់កំណត់ថា ជាបំណុលរួម ហើយប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា ទោះបីជាប្រពន្ធជាអ្នកខ្ចីតែម្នាក់ឯងក៏ដោយ។ ក្នុងករណីនេះ ប្តីមិនអាចបដិសេធថា ខ្លួនមិនដឹងពីរឿងនេះ ខ្លួនមិនមែនជាអ្នកខ្ចី សូមទាមទារពីប្រពន្ធរបស់ខ្លួនដែលជាអ្នកខ្ចីនោះទេ។

២៖ បំណុលដែលប្តីប្រពន្ធទាំងសងខាង បានព្រមព្រៀងតាមលិខិតជាលាយល័ក្ខណ៍អក្សរជាមួយម្ចាស់បំណុល នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬបំណុលដែលប្តី ឬប្រពន្ធតែម្ខាង បានខ្ចីពីម្ចាស់បំណុលដោយមានការយល់ព្រមតាមលិខិតជាលាយល័ក្ខណ៍អក្សរពីប្តី ឬប្រពន្ធម្ខាងទៀត នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ (មាត្រា ៩៧៥ ចំណុច «ខ» នៃក្រមរដ្ឋប្បវេណី)។

ឧទាហរណ៍៖ ប្តី និងប្រពន្ធ បានចុះកិច្ចសន្យាទិញផ្ទះ ក្នុងតម្លៃ ១០០.០០០ ដុល្លារ ដោយប្រើប្រាស់លុយរួម (ទ្រព្យរួម) ចំនួន ៨០.០០០ ដុល្លារ និងប្រាក់ចំនួន ២០.០០០ ដុល្លារទៀត ប្តីប្រពន្ធនោះបានចុះកិច្ចសន្យាខ្ចីប្រាក់ (លិខិតលាយល័ក្ខណ៍អក្សរ) ជាមួយធនាគារ។ ក្នុងករណីនេះ បំណុលដែលប្តីប្រពន្ធជំពាក់ធនាគារចំនួន ២០.០០០ ដុល្លារ គឺជាបំណុលរួម ដែលប្តីប្រពន្ធទាំងសងខាង បានព្រមព្រៀងគ្នាបង្កើត ហេតុនេះប្តីប្រពន្ធត្រូវទទួលខុសត្រូវចំពោះបំណុលរបស់ធនាគារដោយរួមគ្នា។

៣៖ សោហ៊ុយដើម្បីគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម (មាត្រា ៩៧៥ ចំណុច «គ» នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍៖ ផ្ទះដែលជាទ្រព្យរួមរបស់ប្តីប្រពន្ធ ត្រូវបានរងការខូចខាតដោយសារទឹកលិចនៅរដូវវស្សា មានភាពចាំបាច់ត្រូវជួសជុល ហើយប្រពន្ធ (ម្ចាស់ការ) បានឱ្យជាង (អ្នកម៉ៅការ) ជួសជុល ដោយចំណាយប្រាក់អស់ ៧.០០០ ដុល្លារ។ ប៉ុន្តែក្រោយបញ្ចប់ការជួសជុល ម្ចាស់ការបង់ប្រាក់ឱ្យអ្នកម៉ៅការ មិនគ្រប់ចំនួនទេ នៅខ្វះចំនួន ២.០០០ ដុល្លារទៀត។ ក្នុងករណីនេះ កាតព្វកិច្ចចំនួន ២.០០០ ដុល្លារ គឺជាសោហ៊ុយដើម្បីថែរក្សាទ្រព្យសម្បត្តិរួម ហេតុនេះជាបំណុលរួមដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា។

ចំពោះបំណុល ឬ កាតព្វកិច្ចផ្សេងទៀត ដែលប្តី ឬប្រពន្ធតែម្ខាង ជាអ្នកបង្កើត ដែលមិនពាក់ព័ន្ធនឹងសោហ៊ុយដើម្បីរក្សាជីវភាពរួមជាអាទិ៍ ឬការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរួម មិនមែនជាបំណុលរួមទេ ហើយមិនអាចទាមទារឱ្យប្តីប្រពន្ធទទួលខុសត្រូវរួមគ្នានោះទេ ពោលគឺត្រូវទទួលខុសត្រូវរៀងៗខ្លួន (អ្នកណា ជាអ្នកបង្កើតកាតព្វកិច្ច/បំណុល អ្នកនោះជាអ្នកទទួលខុសត្រូវ)។ ឧទាហរណ៍៖ ប្តីកំពុងមានស្នេហាលួចលាក់ជាមួយស្រីកំណាន់របស់ខ្លួន ហើយដោយសារចង់យកចិត្តយកថ្លើមស្រីកំណាន់ ប្តីបានខ្ចីប្រាក់ពីមិត្តភក្តិរបស់ខ្លួនចំនួន ៣.០០០ ដុល្លារ ដើម្បីទិញចិញ្ចៀនពេជ្រមួយវង់ឱ្យស្រីកំណាន់។ បំណុលចំនួន ៣.០០០ ដុល្លារ ជាបំណុល ដែលកើតពីអំពើសាវារបស់ប្តី ហើយប្តីចុះកិច្ចសន្យាតែម្នាក់ឯង ហេតុនេះ បំណុលនោះមិនមែនជាបំណុលរួមទេ នាំឱ្យប្តីត្រូវទទួលខុសត្រូវតែម្នាក់ឯង។

តើការទទួលខុសត្រូវដោយរួមគ្នាចំពោះបំណុលរួម មានន័យដូចម្តេច?

ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយរួមគ្នាចំពោះបំណុលរួម ហៅថា កាតព្វកិច្ចដោយសាមគ្គីភាព (មាត្រា ៩៧៥ និងមាត្រា ៩២១ នៃក្រមរដ្ឋប្បវេណី)។ ការទទួលខុសត្រូវដោយរួមគ្នា ឬសាមគ្គីភាព មានន័យថា ម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលណាម្នាក់ អនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគ ឬឱ្យកូនបំណុលទាំងអស់អនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគដោយព្រមគ្នា ឬដោយបន្តបន្ទាប់។ ឧទាហរណ៍៖ ប្តី និងប្រពន្ធ បានខ្ចីលុយពីធនាគារចំនួន ១០០.០០០ ដុល្លារ ដើម្បីទិញផ្ទះ ផ្អែកតាមច្បាប់ បំណុលចំនួន ១០០.០០០ ដុល្លារ ជាបំណុលរួម។ ក្នុងករណីនេះ ម្ចាស់បំណុល ⓐ អាចទាមទារប្រាក់ ១០០.០០០ ដុល្លារ ពីប្តីតែម្នាក់ ឬពីប្រពន្ធតែម្នាក់ ឬ ⓑ ទាមទារប្រាក់ ១០០.០០០ ដុល្លារ ពីប្តី និងប្រពន្ធ ឬ ⓒ ទាមទារប្រាក់ ១០០.០០០ ដុល្លារ ពីប្រពន្ធចំនួន ៥០.០០០ ដុល្លារ និងពីប្តីចំនួន ៥០.០០០ ដុល្លារ។

ប្រសិនបើ ម្ចាស់បំណុលជ្រើសរើសប្តឹងទាមទារបំណុលចំនួន ១០០.០០០ ដុល្លារពីប្តីតែម្នាក់ ក្នុងករណីនេះ ប្តីត្រូវទទួលខុសត្រូវ ដោយមិនអាចបដិសេធថា «ខ្ញុំទទួលខុសត្រូវតែ ៥០.០០០ ដុល្លារតែប៉ុណ្ណោះ ចំណែកឯ ៥០.០០០ ដុល្លារទៀត សូមទាមទារពីប្រពន្ធរបស់ខ្ញុំ» បានឡើយ ពីព្រោះប្តីប្រពន្ធមានករណីយកិច្ចដោយសាមគ្គីភាពចំពោះបំណុលចំនួន ១០០.០០០ ដុល្លារ ហេតុនេះ ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយរួមគ្នា ដោយមិនអាចបែងចែកបន្ទុកនៃការទទួលខុសត្រូវបានទេ។ ម្យ៉ាងវិញទៀត នៅពេលដែលប្តីបានសងប្រាក់ ១០០.០០០ ដុល្លារទៅម្ចាស់បំណុល នាំឱ្យកាតព្វកិច្ចរបស់ប្រពន្ធក៏ត្រូវរលត់ដែរចំពោះបំណុល ១០០.០០០ ដុល្លារ៕

រៀបរៀងដោយ៖ កញ្ញា ឈុំ មុនីសុជាតា មេធាវីនៃក្រុមមេធាវី ជេ ស៊ី និងជាសមាជិកវិភាគទានច្បាប់