(រដ្ឋតិចសាស់)៖ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា បានរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះកីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ក្នុងព្រឹត្តិការណ៍ «Who’s Number One»«នណារលេខ១» ដែលរៀបចំដោយស្ថាប័នកីឡា FloGrappling នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ (ម៉ោងនៅកម្ពុជា)។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ទោះបីកីឡាការិនី Danielle Kelly មានប្រៀបខាងកម្ពស់ជាង ខាន់ ចេសា ក៏ពិតមែន តែម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរបស់កម្ពុជារូបនេះ បានព្យាយាមប្រើបច្ចេកទេសឃ្លេលើគូប្រកួត ជាមួយនឹងភាពរហ័សរហួនរហូតទទួលបានជ័យជម្នះ។ ចេសា បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាព ក្រោយដណ្ដើមបានជ័យជម្នះក្នុងការប្រកួតដ៏លំបាក។

នេះគឺជាលើកទី២ ហើយដែលកីឡាការិនីវ័យ ១៩ឆ្នាំ ខាន់ ចេសា ដណ្ដើមបានជើងឯកក្នុងព្រឹត្តិការណ៍ «Who’s Number One» ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេ បន្ទាប់ពីនាងធ្លាប់យកឈ្នះកីឡាការិនីជើងខ្លាំងកាណាដា Vicky Hoang កាលពីឆ្នាំ២០២០ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ នៃព្រឹត្តិការណ៍ European IBJJF Jiu-Jitsu Championship 2020 ដែលជាការប្រកួតកីឡាជឺជិតស៊ូដ៏ធំ និងល្បីល្បាញនៅអឺរ៉ុប។

ខាន់ ចេសា បានធ្វើឲ្យស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពដ៏អស្ចារ្យរបស់នាង។ ពិសេសកីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ ដណ្ដើមបានមេដាយមាសកីឡាអាស៊ី ១គ្រឿងសម្រាប់កម្ពុជាកាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងមេដាយមាសស៊ីហ្គេម ១គ្រឿង កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន។ លើសពីនេះ នាងក៏ធ្លាប់ឈ្នះមេដាយមាសកម្រិតពិភពលោក និងមេដាយអន្ដរជាតិជាច្រើនទៀតផងដែរ៕