(ភ្នំពេញ)៖ តន្ត្រីករវីយូឡុង ត្រូវបានគេដឹងថាជាអ្នកមានទេពកោសលក្យ ពោរពេញដោយទឹកដៃ និងការដាក់មនោសញ្ចេតនាខ្លាំងក្នុងការលេង ខណៈបុគ្គលរូបណាបានចេះប្រើប្រាស់ឧបករណ៍នេះ គឺត្រូវបានទស្សនិកជនចាត់ទុកថា ជាតន្ត្រីករកម្រ។ ជាក់ស្តែង លោកបុណ្យបុត្រ ជាតន្ត្រីករវីយូឡុងមួយរូប ដែលមានការកោតសរសើរច្រើនពីទស្សនិកជន។ តែយ៉ាងណា ទំរាំចេះលេងវីយូឡុងដូចបច្ចុប្បន្ន តើតារាវ័យក្មេងរូបនេះឆ្លងកាត់ការលំបាកអ្វីខ្លះ?

ជាការពិត តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក បុណ្យបុត្រ ហៅដាវិត បានឲ្យដឹងថា វីយូឡុង គឺជាឧបករណ៍តន្ត្រីដែលលោកស្រឡាញ់តាំងពីក្មេង ត្បិតមាន អ៊ុ ពូ មីង ក៏សុទ្ធសឹងតែជាអ្នកលេងតន្ត្រីដែរ ប៉ុន្តែមិនផ្តល់យោបល់ឲ្យលោករៀនវីយូឡុងឡើយ។ លោកអះអាងថា ពិបាកហាត់រៀន មិនងាយនឹងប្រើប្រាស់បាន ដូចឧបករណ៍តន្រ្តីដទៃទៀត។ តែយ៉ាងណាលោកនៅតែជំនះ ហាត់រៀនទាល់តែចេះ។

ឆ្លើយតបនឹងសំណួររបស់ពិធីករ-ពិធីការិនី លោក បុណ្យបុត្រ បាននិយាយថា «ការស្រឡាញ់ ជាកត្តាដែលធ្វើឲ្យខ្ញុំចេះលេងវីយូឡុងដល់សព្វថ្ងៃ និយាយរួមទំរាំចេះដូចបច្ចុប្បន្ន គឺមិនមែនជារឿងងាយស្រួលឡើយ ពោលគឺចំណាយប្រាក់ច្រើនក្នុងការហាត់រៀន និងរយៈពេលយូរឆ្នាំ ព្រោះវីយូឡុង មិនមែនជាឧបករណ៍ងាយស្រួលលេងនោះឡើយ»

តារាវ័យក្មេងរូបនេះ បានបន្តថា «សូម្បីតែក្រុមគ្រួសារក៏មិនចង់ឲ្យហាត់រៀនដែរ ព្រោះភាគច្រើនពួកគាត់ថា ចំណាយពេលយូរ ទើបបានចេះ ហើយពួកគាត់ប្រាប់ថាឲ្យដូរឧបករណ៍រៀនទៅ តែខ្ញុំនៅតែជំនះ និងរៀនទាល់តែបាន ព្រោះចិត្តស្រឡាញ់ ពេលរៀនយូរៗទៅកាន់តែស្រឡាញ់»

បន្ថែមពីការបកស្រាយមូលហេតុនៃការជំនះឧបសគ្គនេះ លោក បុណ្យបុត្រ បានបន្ថែមថា បច្ចុន្បន្នលោកគឺជាតារាចម្រៀងនៅក្នុងផលិតកម្ម «ត្រចៀកកាំ» ដែលទើបនឹងចូលរយៈពេល ៤ទៅ៥ខែមកនេះ ដោយបច្ចុប្បន្នគឺមានស្នាដៃចម្រៀងចំនួន២បទ ដែលត្រូវបានបញ្ចេញក្នុងផលិតកម្មមួយនេះ។ លោកបន្តថា ការចូលក្នុងផលិតកម្មនេះ គឺមិនមានការចុះកិច្ចសន្យាទេ ពោលគឺ ក្រៅពីទំនេរពីការច្រៀងក្នុងផលិតកម្ម លោកបើកទទួលការលេងតន្រ្តីនៅតាមកម្មវិធីផ្សេងៗ ដូចជាកម្មពិធី ខួបកំណើត អាពាហ៍ពិពាហ៍ ឬ ថ្ងៃមង្គលសិរីជាដើម។

ត្បិតការងារសិល្បៈហាក់ទទួលបានជោគជ័យមួយផ្នែកធំក្តី តែតារាវ័យក្មេងរូបនេះ បានបញ្ជាក់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាយ៉ាងដូច្នេះថា លោកមិនទាន់គិតគូនោះទេ ត្បិតមានមិត្តនារីមួយចំនួនបង្ហាញអារម្មណ៍ចង់ចងសម្ព័ន្ធមេត្រីក្តី ព្រោះខ្លួននៅក្មេង ម្យ៉ាងគឺខំទៅលើអាជីពឲ្យខ្លួនស្រឡាញ់ ឲ្យមានការរីកចម្រើនខ្លាំងជាងនេះសិន។

គួរជម្រាបថា លោក បុណ្យបុត្រ បានសិក្សាផ្នែកវីយូឡុងអស់រយៈពេល ៥ទៅ៦ឆ្នាំ មកហើយ ទំរាំអាចលេងឧបករណ៍នេះបានគ្រប់ និងស្ទាត់ជំនាញ ខណៈលោកសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈ ខណៈបច្ចុន្បន្ននៅតែបន្តការសិក្សាផងដែរ។ បន្ថែមពីនេះ លោកអាចលេងវីយូឡុងបាន គឺលេងបានទាំងបុរាណ និងសម័យ៕