(ភ្នំពេញ)៖ មូលហេតុ និងកត្ដាជំរុញចំនួន៤ធំៗ ដែលបណ្ដាលឱ្យមានជំងឺក្រិនថ្លើម គឺរលាកថ្លើម ដោយ វីរុសថ្លើមប្រភេទ B និង C ការទទួលទានគ្រឿងស្រវឹងច្រើន ក្នុងរយៈពេលយូរ និងជំងឺខ្លាញ់រុំថ្លើមជាដើម។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតឯកទេស ឈាង ស៊ីដេត បម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល អេគីប ។

លោកវេជ្ជបណ្ឌិត ថ្លែងបញ្ជាក់ថា «ហានិភ័យនៃជំងឺក្រិនថ្លើម ក៏ដូចជាការវិឌ្ឍន៍នៃជំងឺក្រិនថ្លើម គឺមានកត្ដារួមផ្សំជាច្រើន ក្នុងនោះតាមការសិក្សារបស់អន្ដរជាតិ យើងសង្កេតឃើញថា មួយចំណុចដែលគេធ្វើការសិក្សាបានច្បាស់លាស់ គឺរលាកថ្លើម ដោយមេរោគ B និង C ។ជាទូទៅវាបង្កឡើងទៅជាក្រិនថ្លើម គឺមានរយៈពេលយូរ ១៣-១៥ឆ្នាំ ដោយការលាករុំារៃបន្ដិចម្ដងៗ ដែលធ្វើឱ្យសាច់ថ្លើមរបស់គាត់រឹង ខូច និង ឈានទៅដល់ការក្រិនសាច់ថ្លើម» ។

ជំងឺនេះ បានបែងចែកភាពរុំារៃ ជាពីរដំណាក់កាលធំៗ គឺការរលាកស្រួចស្រាល ក្នុងដំណាក់កាលនេះ អាចមានរោគសញ្ញាផ្សេង, ចំពោះវិវឌ្ឍន៍ឱ្យក្លាយទៅជារលាករុំារៃយូរ ឈានទៅដល់ខូច ឬក៏រឹង ក្រិន មាន រោគសញ្ញាមួយក្រុមផ្សេងទៀត ជារោគសញ្ញាក្រិនថ្លើម៖

ខាងក្រោមជារោគសញ្ញាជំងឺក្រិនថ្លើម៖
*លឿនភ្នែក, និងស្បែក
*ហើមជើង
*បត់ជើងតូច បន្ទោបង់មានចំនួនទឹកនោមតិច ,
*បត់ជើងធំ មានឈាម ឬលាមកខ្មៅ
*ការឡើងជាតិពុល វង្វេងសន្លប់ ,
*អាចមានបែកសរសៃឈាមក្នុងបំពង់អាហារ ដែលបណ្ដាលឱ្យធ្លាក់ឈាម ឬក្អួតមានឈាម
*អស់កម្លាំង
*ពិសាបានតិចតួច ព្រោះចំណង់អាហារធ្លាក់ចុះ,
*រមាស់លើស្បែក
*ឡើងទាចទឹក
*ការចងចាំ និងការសម្រាន្ដ ខុសប្រក្រតី

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា «អ្នកជំងឺក្រិនថ្លើម គួរដល់ដឹង និងមិនត្រូវមើលរំលង ព្រោះអ្នកជំងឺ គឺជាអ្នកឈឺ ដូច្នេះរបបអាហារមានតួទានីសំខាន់ ក្នុងការទ្រទ្រង់ និងជួសជុលនូវអ្វីដែលឈឺ ឬខូច ឱ្យមានសភាពល្អមកវិញ មិនឱ្យទ្រុឌទ្រោមខ្លាំងជាមុន និងកាន់តែចុះខ្សោយ។ ដោយត្រូវរៀនរស់ជាមួយជំងឺ ថែទាំខ្លួនឯងយ៉ាងដិតដល់ និងមកជួបគ្រូពេត្យតាមការណាត់ត្រឹមត្រូវ»

ជាងនេះទៅទៀត អ្នកដែលកើតជំងឺក្រិនថ្លើម គឺបានចាត់ទុកថា ជាអ្នកខ្វះអាហារូបត្ថម្ភស្រេចទៅហើយ ដោយសារមេតាបូលីសនូវជាតិសាច់នៅក្នុងរាងកាយរបស់ខ្លួន ដែលធ្វើឡើងឱ្យដោយកោសិការរបស់ថ្លើម គឺមិនមានសភាពប្រក្រតីដូចមនុស្សធម្មតានោះទេ។

កាលណាមុខងារថ្លើមចុះខ្សោយ ការធ្វើមេតាបូលីស នៃជាតិប្រូតេអ៊ីននៅក្នុងឈាម ដែលគេហៅថា ជាតិសាច់ផ្សេងមានការថយចុះ ដែលធ្វើឱ្យអ្នកជំងឺមានភាពទ្រុឌទ្រោម ចុះខ្សោយ អស់កម្លាំង ហើមដៃ ជើង ឡើងទាចទឹកដោយមិនដឹងខ្លួន ដោយសារមុខងាររបស់ថ្លើម ក្នុងការសំយោគជាតិប្រូតេអ៊ីន ឬជាតិសាច់នៅក្នុងខ្លួន។

របបអាហារចំពោះអ្នកកើតជំងឺក្រិនថ្លើម៖
*អាហារដែលមានគុណភាព សំបូរទៅដោយជាតិប្រូតេអ៊ីន
*ជាតិសាច់
*ជាតិខ្លាញ់សមរម្យ
*ជាតិស្ករត្រឹមត្រូវ
*ដាច់ខាតតមអាហារមានជាតិប្រៃ ដែលជាសត្រូវទី១របស់អ្នកជំងឺក្រិនថ្លើម មិនត្រូវញំឱ្យលើសពី២ក្រាមក្នុងមួយថ្ងៃ ដើម្បីចៀសផុតពីហានិភ័យបណ្ដាលឱ្យកើតជំងឺទាចទឹក។
*ផ្លែឈើគ្រប់មុខ
*បន្លែអាចញុំាបានគ្រប់មុខ តែត្រូវលាងសម្អាតឱ្យបានល្អ បង្កើនអនាម័យ បន្លែត្រូវចម្អិនឱ្យឆ្អិន ចៀសវាងនៃការឆ្លងមេរោគផ្សេង ព្រោះអ្នកជំងឺក្រិនថ្លើម គឺជាអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយ ងាយនឹងមានជំងឺឆ្លងផ្សេង ដែលមានការយាយី៕