(កូរ៉េ)៖ ជាការពិតណាស់ មានតារា K-POP ល្បីឈ្មោះជាច្រើនជាកូនកាត់ ខណៈក្នុងចំណោមពួកគេ ខ្លះបានកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវផ្លាស់ទៅរស់នៅក្រៅប្រទេស ដោយសារស្ថានភាពគ្រួសារ។ នៅថ្ងៃនេះ Fresh News Plus សូមលើកយកអ្នកសិល្បៈកូរ៉េល្បីៗឈ្មោះ ចំនួន១០នាក់ ដែលត្រូវបានគេដឹងថា កើតនៅប្រទេសកូរ៉េ ប៉ុន្តែបានចំណាយពេលកុមារភាព ឬចម្រើនវ័យឡើងនៅក្រៅប្រទេស៖

*ទី១៖ កញ្ញា Chungha, តារាស្រីរូបនេះត្រូវបានគេដឹងថា ជាអតីតសមាជិកក្រុម I.O.I ខណៈបច្ចុប្បន្ន គឺជាតារាចម្រៀងទោល។ ត្បិតកើតនៅក្នងប្រទេសកូរ៉េខាងត្បូងក៏ពិតមែន ប៉ុន្តែតារាស្រីដួងនេះ បានធំធាត់ឡើងនៅរដ្ឋតិចសាស់។ នាងរស់នៅទីនោះប្រហែល ៧ទៅ៨ឆ្នាំ និងត្រូវបានផ្តល់ឈ្មោះ ជាភាសាអង់គ្លេសថា «Annie Kim»។

*ទី២៖ លោក Jaehyun សមាជិក NCT, តារារូបនេះបានចំណាយពេលវេលាកុមារភាពរបស់គេ នៅក្នុងទីក្រុង New York។ លោកត្រូវបានគេដឹងថា បានទៅរៀននៅសាលាបឋមសិក្សារមួយកន្លែងឈ្មោះ នៅតំបន់ Connecticut អស់រយៈពេល៤ឆ្នាំ។

*ទី៣៖ តារាស្រី Lia សមាជិក ITZY, តារាស្រីរូបនេះ ធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អនៅក្នុងបទសម្ភាសន៍នានា ត្បិតនាងកើតនៅប្រទេសកូរ៉េក្តី។ តែមូលហេតុដែលធ្វើឲ្យនាងនិយាយភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញនោះ គឺដោយសារតែកាលពីកុមារភាពនៅបានទៅរស់នៅក្នុងប្រទេសកាណាដា និងត្រូវបានគេផ្តល់ឈ្មោះជាភាសាអង់គ្លេសថា «Julia Choi»

*ទី៤៖ Young K សមាជិក DAY6, ត្បិតជាជនជាតិកូរ៉េពិតមែន តែតារាប្រុសរូបនេះ ត្រូវបានគេដឹងថា កើតនៅក្រៅប្រទេស និងរស់បានធំធាត់ឡើងនៅក្រៅប្រទេសផងដែរ ពោលគឺលោកបានកើតនៅក្នុងប្រទេសកាណាដា ហើយត្រូវបានផ្តល់ឈ្មោះជាភាសាអង់គ្លេសថា Brian Kang។

*ទី៥៖ តារាស្រី Sandara park, តារារូបនេះបានកើតនៅប្រទេសកូរ៉េ ប៉ុន្តែបានធំធាត់និងប្រើជីវិតកុមារភាពរបស់នាងនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីដឹងក្តីក៏ត្រឡប់មកប្រទេសកូរ៉េវិញ ហើយក៏ចូលធ្វើជាតារាចម្រៀង ក្នុងនាមជាសមាជិកក្រុម 2NE1។

*ទី៦៖ Lee Dae Hwi សមាជិក AB6IX, ជាអតីតសមាជិកក្រុមចម្រៀង Wanna One និងបច្ចុប្បន្នស្ថិតក្នុងក្រុម AB6IX។ លោកជាសមាជិកម្នាក់ ដែលនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ត្បិតកាលពីកុមារភាពលោកបានទៅរស់នៅទីក្រុង Los Angeles អស់រយៈពេល ៦ឆ្នាំ ហើយក៏ធ្លាប់រស់នៅ Osaka ប្រទេសជប៉ុនពីរបីឆ្នាំផងដែរ។ លោកត្រូវបានផ្តល់ឈ្មោះជាភាសាអង់គ្លេសថា «DaiKi»។

*ទី៧៖ CL, តារាស្រីដែលមានរហស្សនាមថា Queen of K-POP រូបនេះ បានកើតនៅក្នុងទីក្រុងសេអ៊ូល ប៉ុន្តែបានទៅរស់នៅ និងរៀន ក្នុងប្រទេសបារាំង និងជប៉ុន។ នាងអាចនិយាយភាសាបានយ៉ាងច្រើន ដូចជា កូរ៉េ, អង់គ្លេស, បារាំង និងជប៉ុនជាដើម។

*ទី៨៖ Hongseok សមាជិកក្រុម PENTAGON, លោកក៏ឆាប់ឈ្មោះជាតារាដែលពូកែនិយាយភាសាអង់គ្លេសខ្លាំងជាគេប្រចាំក្រុមផងដែរ។ ទោះបីជាបានកើតនៅក្នុងប្រទេសកូរ៉េក្តី តែលោកបានធំធាត់ឡើងនៅសហរដ្ឋអាមេរិក។ តែយ៉ាងណា អ្នកគាំទ្រហាក់មិនបានដឹងនោះទេថា លោកក៏ធ្លាប់ទៅរស់នៅក្នុងប្រទេស សឹង្ហាបុរី និងចិនផងដែរ ពោលគឺចំណាយពេលប្រមាណ ១១ឆ្នាំ ក្នុងការស់ក្រៅប្រទេស។

*ទី៩៖ Jennie សមាជិក BLACKPINK, តារាស្រីប្រចាំក្រុមចម្រៀងល្បីលំដាប់ពិភពលោកម្នាក់នេះ ក៏ត្រូវបានគេដឹងថាជំនាញ់និយាយភាសាអង់គ្លេសផងដែរ ព្រោះនាងបានទៅរស់នៅក្នុងប្រទេស New Zealand រយៈពេល៥ឆ្នាំ។

*ទី១០៖ Han សមាជិក Stray Kids, ត្បិតកើតនៅក្នុងប្រទេសកូរ៉េពិតមែន តែតារាប្រុសរូបនេះ បានចំណាយជិវិតកុមារភាពរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៉ី។ បន្ទាប់ពីដឹងក្តីលោកក៏ត្រឡប់មកប្រទេសកូរ៉េវិញ ហើយចូលធ្វើជាតារាចម្រៀងក្នុងក្រុម Stray Kids តែម្តង៕