(ក្រុងឡុងដ៍)៖ ហង្សក្រហម Liverpool បានក្លាយជាក្រុមទី២ បន្ទាប់ពី Everton ដែលរកបាន ៧០០០គ្រាប់នៅលីគកំពូលអង់គ្លេស Premier League បន្ថែមលើជ័យជម្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះ Sheffield United នៅរាត្រីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមការពារតំណែងជើងឯក Premier League ខាងលើនេះបញ្ចប់កំណត់ត្រាចាញ់ ៤ប្រកួតជាប់ៗ តាមរយៈយកឈ្នះគូប្រជែង Sheffield ក្នុងលទ្ធផល ២-០ ដើម្បីរកបាន ៧០០០គ្រាប់ឈរនៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមនៅទីក្រុង Liverpool ជាមួយគ្នា Everton ដែលរកបាន ៧១០៨គ្រាប់ច្រើនជាងគេក្នុងលីគកំពូលអង់គ្លេស។

កីឡាករវ័យ ២០ឆ្នាំ Curtis Jones ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី៤៨ នៅមុនពេលខ្សែការពារ Kean Bryan ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៦៤ នៅពេលព្យាយាមរារាំងបាល់ស៊ុតចេញពីជើងរបស់ Roberto Firmino នោះ។

Liverpool រកបានជ័យជម្នះមកវិញ គិតចាប់តាំងពីបានយកឈ្នះចុងក្រោយទៅលើក្រុមម្ចាស់ផ្ទះញញួរធំ West Ham United កាលចុងខែមករា ឆ្នាំ២០២១ ក្នុងលីគអង់គ្លេស ដើម្បីធ្វើឲ្យពួកគេឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៦ ជាបណ្តោះអាសន្នវិញដោយមាន ៤៣ពិន្ទុគិតត្រឹមសប្តាហ៍ទី២៦ ជើងទី២ នៅក្រៅតំបន់កៅអី UEFA Champions League តែ ២ពិន្ទុ គ្រាដែល Sheffield ទើបរកបាន ១១ពិន្ទុ ឈរនៅបាតតារាងដដែល៕