(អាមេរិក)៖ Google ជាក្រុមហ៊ុន Search Engine ធំជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែក្រុមហ៊ុនមួយនេះ ក៏ជាក្រុមហ៊ុនផលិតទូរស័ព្ទដៃផងដែរ គ្រាន់តែមិនសូវល្បីប៉ុណ្ណេះ។

ថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុនយក្សអាមេរិកមួយនេះ បាននិងកំពុងតែផលិតទូរស័ព្ទដៃប្រភេទអេក្រង់បត់ ខណៈដែលបណ្តាលក្រុមហ៊ុនជាច្រើនបានដាក់លក់នៅលើទីផ្សារ និងខ្លះទៀតកំពុងតែផលិត។

យោងតាមការបង្ហោះសាររបស់គណនី Jon Prosser នៅលើ Twitter បានឲ្យដឹងថា Google កំពុងផលិតស្មាតហ្វូន អេក្រង់បត់ (foldable) ក្នុងត្រកូល Pixel ដែលស្រដៀងគ្នាទៅនឹង Samsung Galaxy Z Fold។

សារព័ត៌មាន 9to5Google បានរាយការណ៍មកថា Google បានរៀបចំ និងត្រៀមដាក់បង្ហាញ ស្មាតហ្វូនអេក្រង់បត់នេះ តាំងពីពាក់កណ្ដាលឆ្នាំ ២០២០ ប៉ុន្តែដោយសារបញ្ហាមួយចំនួនទើបអូសបន្លាយពេល។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីផ្សារស្មាតហ្វូនចាប់ផ្ដើមមានសន្ទុះ ហើយថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា Apple កំពុងតែផលិត iPhone អេក្រង់បត់នេះផងដែរ៕