(ភ្នំពេញ)៖ វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និងវីដេអូកំសាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និងភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូ សម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា និងកញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ»

បទចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ចេញជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយពលរដ្ឋកម្ពុជា អាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app ហើយវីដេអូបទចម្រៀងនឹងចេញនៅថ្ងៃទី០២ ខែមីនា។ វីដេអូចម្រៀងបទនេះ ត្រូវបានគេរំពឹងថា នឹងចូលរូមបំផុសស្មារតីពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈជួយគ្នាទៅវិញទៅមកជាពិសេស ក្នុងវិបត្តិកូវីដ ១៩ នឹងធ្វើឲ្យពលរដ្ឋខ្មែរ មានមោទនភាពចំពោះប្រទេសជាតិខ្លួន។

លោក សុខ វិសាល បានឲ្យដឹងថា ការផលិតវីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះចំណាយអត់រយៈពេល៤ថ្ងៃ ដោយសិល្បករ និងសិល្បករនីល្បីៗរបស់ Pleng ចូលរួមសម្ដែង និងផលិតរួមមាន ស៊ូលី ផេង ក្រុមតូច SWSB ចិត្ត កញ្ចនា សាង សុខសេរី វុទ្ធា ប្រុសឡា DJ Chee Ruthko Reezy និង 4T5 ។

កញ្ញា ចិត្ត កញ្ចនា សិល្បករនីល្បីឈ្មោះមួយរូប របស់ Pleng បាននិយាយថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមផលិតវីដេអូបទចម្រៀងមួយនេះ ជាមួយសិល្បករដ៏ទទៃទៀត។ ខ្ញុំគិតថាយុទ្ធនាការនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំង មូលហេតុថា ការយកអាសាគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃសង្គមរបស់យើង។នាងខ្ញុំសង្ឈឹមថានឹងមានសិល្បករខ្មែរកាន់តែច្រើនទៀត ចូលរួមជួយសង្គម»

ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ក៏បានរៀបចំការប្រគុំ តន្រ្ដីតាមសប្បុរសធ៌មស្នាមញញឹមតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងទិវានៃក្ដីស្រលាញ់១៤កុម្ភៈកន្លងទៅ៕