(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី០៦-៧ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយរក្សាក្រុមចូលរួមចំនួន ១៣ក្លិប។ ប៉ុន្ដែការបើករដូវកាលថ្មីនេះ នឹងធ្វើការប្រកួតក្រោមរបត់ថ្មី ដោយមិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កាលពីថ្មីៗ។

សម្រាប់កម្មវិធីបើកទំព័ររដូវកាលថ្មី សប្ដាហ៍ទី១ នៅថ្ងៃទី០៦-មីនា រួមមានក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះសូលទីអង្គរ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប។ ក្រុមនគរបាលជាតិ ជួបក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា និងក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមចំណូលថ្មី គឺក្លិបបាល់ទាត់ខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង ហើយ ៣ប្រកួតនេះនឹងចាប់ផ្ដើមប្រកួតម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។

ចំណែកនៅថ្ងៃទី០៧-មីនាវិញ គឺមាន ៣ប្រកួតដូចគ្នារួមមានក្រុមការពារតំណែងជើងបឹងកេត ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងណាហ្គាវើលដ៏ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ និងក្រុមគិរីវង់សុខសែនជ័យ ជួបក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅទឹកដីខេត្តតាកែវ ដែល ២ប្រកួតនេះ នឹងចាប់ផ្ដើមប្រកួតនាម៉ោង ៣៖៣០នាទីរសៀល។ រីឯ ១ប្រកួតទៀត គឺក្រុមខ្លាំងវិសាខា ត្រូវបើកទ្វារផ្ទះជម្រះបញ្ជីក្រុមកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាច។

ប៉ុន្ដែការប្រកួតបើកទំព័ររដូវកាលថ្មីឆ្នាំនេះ នឹងប្រកួតបិទទ្វារមិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ ដោយគោរពតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដែលកំពុងមានការរីករាលដាលខ្លាំងក្នុងសហគមន៍កម្ពុជានាពេលបច្ចុប្បន្ន។ ចំពោះការអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាបានវិញ CNCC នឹងធ្វើការជូនដំណឹងនាពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដធូរស្រាល៕