(អាមេរិក)៖ ក្រុមហ៊ុន Apple បានបើកដំណើរការ Store របស់ខ្លួនទាំងអស់ឡើងវិញនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទអស់រយៈពេល ស្ទើពេញមួយឆ្នាំ ដោយសារតែបញ្ហាកូវីដ-១៩ រីករាលដាល់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា Store ចំនួន ២៧០កន្លែង នៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានបើកដំណើរឡើងវិញ ហើយ វាក៏ជាការបើកឡើងវិញលើកដំបូងផងដែរ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ហើយមូលហេតុដែលបើកដំណើរការឡើងវិញនេះ Apple មិនបានបញ្ជាក់ជាផ្លូវការនោះទេ ប៉ុន្តែត្រូវបានប្រភពជិតស្និទ្ធបង្ហើបឱ្យដឹងថា ដោយសារតែបច្ចុប្បន្នការចែកចាយវ៉ាក់សាំងកូវីដ-១៩ ត្រូវបានធ្វើឡើង ដូច្នេះ Apple ក៏សម្រេចបើកដំណើរការឡើងវិញតែម្ដង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានបញ្ជាក់ថា សម្រាប់អតិថិជន Apple ទាំងអស់ អាចឆែកគេហទំព័ររបស់ Apple ជាមុនសិនទៅលើបញ្ហា ឬចង់បានសេវាកម្មណាមួយ មុនពេលធ្វើដំណើរទៅកាន់ Store ដែលនៅជិតខ្លួន ព្រោះដើម្បីចៀសវាង ការ ឆ្លង និងបង្កាមេរោគកូវីដ-១៩។
ក្រុមហ៊ុន Apple មិនបានបញ្ជាក់ទេថា បណ្ដា Store នៅតាមបណ្ដាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក នឹងបើកដំណើរការឡើងវិញ នៅពេលណានោះ ដោយគ្រាន់តែដឹងថា មាន Store ចំនួន ១២ នៅក្នុងប្រទេសបារាំង និង Store ចំនួន ២ នៅក្នុងប្រទេសប្រេស៊ីល នៅតែ បិទមិនដំណើរការ ខណៈដែល មាន Store ចំនួន ២ នៅម៉ិកស៊ិក បានបើកដំណើរការឡើងវិញនៅថ្ងៃនេះ៕