(ភ្នំពេញ)៖ បន្ទាប់ពីត្រឡប់ចូលទីលានវិញជាមួយក្រុមនាគខៀវបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានប្ដេជ្ញានឹងបង្កធ្វើព្យុះភ្លៀវលើសមរភូមិវាលស្មៅជាថ្មី ដោយរំពឹងថា ខ្លួននឹងធ្វើបានល្អក្នុងរដូវកាលឆ្នាំ២០២១ នេះ មុនចាកចេញពីលីគកំពូលកម្ពុជាម្ដងទៀត ដើម្បីទៅលេងនៅក្លិបក្រៅស្រុក។

ខ្សែប្រយុទ្ធដ៏មុតស្រួចខាងលើបានសម្ដែងនូវក្ដីរីករាយ ចំពោះការត្រឡប់ចូលទីលានវិញ ក្រោយអវត្តមានស្ទើរ ១រដូវកាល ដោយសារជាប់សិក្សា និងយកឱកាសនោះធ្វើការព្យាបាលរបួសរាំរ៉ៃរបស់ខ្លួន។ តែយ៉ាងណា វឌ្ឍនាកា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ នឹងខំប្រឹងអភិវឌ្ឍសមត្ថភាពខ្លួនឲ្យល្អប្រសើរឡើងវិញ ដើម្បីជួយក្លិប និងមានឱកាសចេញទៅលេងក្រៅស្រុកជាថ្មី។

ចាន់ វឌ្ឍនាកា បាននិយាយថា «សម្រាប់ខ្ញុំ! ខ្ញុំប្ដេជ្ញានឹងលេងឲ្យល្អក្នុងឆ្នាំនេះ មុននឹងចាកចេញពីលីគកំពូលកម្ពុជាម្ដងទៀត ហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងធ្វើបានល្អក្នុងឆ្នាំនេះ ក្នុងការជួយក្លិប...។ ២រដូវកាលនេះ មានក្លិបនៅក្រៅប្រទេសគេទាក់ទងមកដែរ ប៉ុន្ដែដោយសារកត្ដាយើងនៅសិក្សា ចឹងយើងអត់អាចឆ្លើយតបទៅគាត់បាន។ តែប្រហែលជាឆ្នាំក្រោយៗ យើងនឹងអាចចូលរួមជាមួយក្លិបនៅក្រៅប្រទេសបាន»

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា គឺជាកីឡាករដ៏មុតស្រួចរបស់កម្ពុជា ក៏ដូចជាក្រុមបឹងកេត ហើយគេជាខ្សែប្រយុទ្ធមានបទពិសោធលេងឲ្យក្លិបបរទេសផងដែរ រួមមានក្លិប Fujieda MYFC នៃលីគទី៣ ជប៉ុន កាលពីឆ្នាំ២០១៧ ព្រមទាំងក្លិបក្របខណ្ឌលីគកំពូលម៉ាឡេស៊ី Pahang FC និងក្លិប PKNS FC កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជាដើម៕