(បរទេស)៖ បុរសដែលជាអ្នកស៉ីឈ្នួលបណ្តើរឆ្កែរបស់កំពូលតារាម្រៀង Lady Gaga បានបង្ហាញសារលើបណ្តាញសង្គមរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធ ដែលកើតឡើងកាលពីសប្តាហ៍នេះ និងធ្វើឲ្យឆ្កែពីរក្បាលរបស់ Lady Gaga ត្រូវបានចោរលួច។ បុរសម្នាក់នោះអះអាងថា លោកមានសុខភាពធូរស្បើយហើយ បន្ទាប់ពីត្រូវបានគេបាញ់ក្នុងហេតុការណ៍នោះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

លោក Ryan Fischer បានថ្លែងលំអិតពីហេតុការណ៍ ដែលខ្លួនបានជួបប្រទះ ទៅកាន់មិត្តក្នុងបណ្តាញសង្គម ជាពិសេសគឺថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និង Gaga ដែលកាលណោះកំពុងតែស្ថិតក្នុងប្រទេសអ៉ីតាលី ដើម្បីថតភាពយន្ត។ ភ្ជាប់ជាមួយរូបភាពក្នុងមន្ទីពេទ្យ Fischer បាននិយាយថា «ខ្ញុំបានធូរស្បើយច្រើនហើយ បន្ទាប់ពីគេចផុសពីសេចក្តីស្លាប់»

បុរសរូបនោះបាននិយាយថា លោកបានស្រែកដោយភាពភ័យស្លន់ស្លោ បន្ទាប់ពីឃើញឈាមហូរចេញពីខ្លួន ក្រោយត្រូវបានគេបាញ់ដោយគ្រាប់កាំភ្លើង។ ក្រុមចាប់ជំរិត បានយកសត្វឆ្កែរបស់ Lady Gaga ចំនួនពីរក្បាលជាពូជ Bulldog បារាំង ក្នុងចំណោមឆ្កែទាំងបី ឡើងលើរថយន្ត ខណៈឆ្កែមួយទៀតដែលជាពូជអាស៉ី បានរត់មករកលោកវិញ... ។

តែយ៉ាងណា បុរសម្នាក់នោះ មិនបានបញ្ជាក់បន្ថែមនោះទេថា តើលោកត្រូវបានគេបាញ់ប៉ុន្មានគ្រាប់ ហើយចំកន្លែងណាខ្លះនោះ ពោលគឺគ្រាន់តែដឹងថា ពេលនេះលោកបានរួចផុសពីសេចក្តីស្លាប់ហើយ ខណៈសត្វឆ្កែរបស់ Lady Gaga ដែលក្រុមចោរលួចយកទៅនោះ ក៏បានរកឃើញហើយដែរ ពោលទឹកប្រាក់ចំនួនកន្លះលានដុល្លារ ត្រូវបានប្រគល់ឲ្យស្ត្រីម្នាក់ឲ្យយកឆ្កែរបស់កំពូលតារាចម្រៀងរូបនេះ ត្រឡប់មកវិញដោយសុវត្ថិភាព។

ទន្ទឹមគ្នានេះ ប៉ូលីសក្នុងតំបន់ Los Angeles នៅតែបន្តស្រាវជ្រាវដើម្បីរកអត្តសញ្ញាក្រុមចោរដែលបានប្លន់យកសត្វចិញ្ចឹមរបស់ Lady Gaga៕