(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានចាប់ផ្ដើមហើយនាថ្ងៃទី០២ ខែមីនានេះ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ទន្ទឹមជាមួយការទទួលបានវ៉ាក់សាំងប្រភេទស៊ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ គ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា បានសម្ដែងនូវការសប្បាយរីករាយក្រៃលែង ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យពួកគេលែងភ័យព្រួយ និងបង្កើនទំនុកចិត្ត ភាពកក់ក្ដៅក្នុងការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ក្នុងឆ្នាំ២០២១ និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

កីឡាការិនី ម៉េង សេរីរចនា សមាជិកក្រុមជម្រើសជាតកីឡាចំបាប់បាននិយាយថា «បន្ទាប់ពីចាក់វ៉ាក់សាំងរួច ខ្ញុំលែងមានអារម្មណ៍ភ័យ ដូចការអត់ទាន់ចាក់ ព្រោះពេលយើងចាក់ហើយ ទោះបីយើងទៅណា យើងការពារដែរ តែយើងអត់សូវបារម្ភ ពិសេសពេលហ្វឹកហាត់ យើងលែងសូវបារម្ភ ឬភ័យខ្លាចឆ្លងដូចមុន។ ខ្ញុំសូមអរគុណសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ដូចជាសម្ដេចពិជ័យសេនា ដែលផ្ដល់ការយកចិត្តទុកដាក់ និងផ្ដល់វ៉ាក់សាំងដល់ពួកខ្ញុំ ដើម្បីបង្កើនការហ្វឹកហាត់ដោយគ្មានការភ័យព្រួយ»

ដោយឡែកលោក ណយ ផាណា អគ្គលេខាធិការ និងជាគ្រូកីឡាកាយសម្ព័ន្ធបានបញ្ជាក់ថា «ក្រោយទទួលវ៉ាក់សាំងនេះ ខ្ញុំមានជំនឿចិត្តខ្ពស់ ទី១-នឹងធ្វើឲ្យកីឡាករ-កីឡាការិនីទាំងអស់មានទំនុកចិត្ត ក្នុងការខិតខំហ្វឹកហាត់បន្ដ ទី២-គាត់មានទំនុកចិត្តក្នុងការចេញទៅហ្វឹកហាត់ក្រៅប្រទេស និងការចូលរួមប្រកួតជាលក្ខណៈអន្ដរជាតិ»

លោកបន្ដថា «មុនទទួលវ៉ាក់សាំង ផែនការហ្វឹកហាត់របស់យើង គឺស្ថិតក្នុងផែនការពង្រាង តែដល់ទទួលវ៉ាក់សាំងហើយ គឺយើងមានផែនការជាក់លាក់ ពិសេសបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២ ខ្ញុំនឹងមានផែនការទំនាក់ទំនងទៅក្រៅប្រទេស ដើម្បីពិនិត្យលទ្ធភាពក្នុងការបញ្ជូនកីឡាករ-កីឡាការិនីទៅហាត់ សម្រាប់ត្រៀមស៊ីហ្គេម នៅវៀតណាមចុងឆ្នាំឆ្នាំ២០២១ និងសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នៅព្រឹកថ្ងៃដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមជម្រើសជាតិនេះ មានថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាង ២០០នាក់ហើយ ដែលបានចាក់លើកទី១ រួច ហើយនៅល្ងាចថ្ងៃដដែលនេះនឹងបន្តចាក់បន្ថែមទៀត ដោយក្នុង១ថ្ងៃចាក់ឲ្យបាន៥០០នាក់ ដែលអាចបញ្ចប់ការចាក់ត្រឹមរយៈពេល ២ថ្ងៃតែម្តង ក្នុងចំណោមថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលត្រូវចាក់សរុប ១,០៥១នាក់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា តាមការចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជាចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមចូលរួមប្រកួត និងការហ្វឹកហាត់នៅក្រៅប្រទេស។ ហេតុនេះ កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាទាំងអស់បានទទួលភាពកក់ក្តៅ សប្បាយរីករាយ និងមានមោទនភាពណាស់ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ និងការលើកទឹកចិត្តពីសម្តេចពិជ័យសេនា ទៀ បាញ់។

លើសពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឲ្យខិតខំចាក់វ៉ាក់សំាងនេះឲ្យបានគ្រប់ៗគ្នា ជាពិសេសក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលស្ថិតក្រោមអាយុ ១៧ឆ្នាំ និ ង១៨ឆ្នាំត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតចិនប្រចាំនៅមន្ទីរពេទ្យព្រះកេតុមាលា។ ដូច្នេះការងារទាំងអស់ ត្រូវធ្វើយ៉ាងហ្មត់ចត់ និងឲ្យបានគ្រប់ជ្រុងជ្រោយទាំងក្រុមសម្ដែង ដែលត្រៀមចេញទៅសម្ដែងក្នុងឱកាសអបអរពិធីទទួលទង់ស៊ីហ្គេម បន្ដវេនពីវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ ក៏ត្រូវរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺដ៏កាចសាហាវនេះផងដែរ។

គួរដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធសរុប ១,០៥១នាក់ ទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូង បន្ទាប់ពីមានការស្នើសុំពីគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ តាមរយៈក្រុមការងារវ៉ាក់សាំង Covid 19 ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីបង្កើនទំនុកចិត្ត ក្នុងចិត្ដសាស្ដ្រកីឡា សម្រាប់ការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងឆ្នាំ២០២១ នេះ៕