(មេនឆេស្ទើ)៖ Manchester City ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ Premier League រដូវកាលមុននេះ បានបន្តយកឈ្នះ Wolverhamton Wanderer ក្នុងលទ្ធផល ៤-១ ដែលជាជ័យជម្នះលើកទី២១ជាប់ៗគ្នាផងដែរ។

ដូចគ្នានោះដែរ City ពុំទាន់បាត់បង់ពិន្ទុក្នុងប្រកួតណាមួយឡើយ គិតចាប់តាំងពីលេងស្មើទល់នឹង West Bromwich Albion នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មក និងបច្ចុប្បន្នបង្កើននាំមុខកំពូលតារាង Premier League ដល់ទៅ ១៥ពិន្ទុ ក្រោយទទួលបាន ៣ពិន្ទុពេញនៅទឹកដី Etihad នារាត្រីថ្ងៃអង្គារ ទី០២ ខែមីនា ប្រចាំសប្តាហ៍ទី២៧ ជើងទី២។

ក្នុងចំណោមជ័យជម្នះ ២១ដងជាប់ៗគ្នាគ្រប់កម្មវិធីប្រកួតនេះដែរ ក្រុមរបស់លោក Pep Guardiola ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពាន League Cup (Carabao Cup) ដែលត្រូវប៉ះ Tottenham Hotspur នាខែក្រោយនេះ និងឈានដល់វគ្គ ៨ក្រុមចុងក្រោយទៀតផងក្នុងពាន FA Cup ជាមួយនឹងការគ្រប់គ្រងនៅវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League ដែលទៀតផង ដោយបានយកឈ្នះ Monchengladbach របស់អាល្លឺម៉ង់ ២-០ កាលពីជើងទី១។

Man City នឹងត្រូវប៉ះក្រុមលេខ២ ដែលមាន ៥០ពិន្ទុ Manchester United នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរនៅ Premier League ក្នុងការស្វែងពិន្ទុ ដើម្បីបង្កើនការនាំមុខទៀតដែរ៕