(តៃវ៉ាន់)៖ តួលេខនៃការលក់ស្មាតហ្វូននៅជុំវិញពិភពលោក នាត្រីមាសដើមឆ្នាំ២០២១ ទំនងជា កើនឡើងប្រមាណ ៥០ភាគរយ បើធៀប នឹងឆ្នាំមុន ដោយក្នុងនោះ iPhone 12 Pro និង iPhone Pro Max របស់ក្រុមហ៊ុន Apple បានជួយជំរុញឱ្យទទួលបានកំណើនដ៏ខ្ពស់នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Digi Times នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

ស្ថាប័នស្រាវជ្រាវ Digitimes Research របស់តៃវ៉ាន់បានឱ្យដឹងថា នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ មានស្មាតហ្វូនប្រមាណ ៣៤០លាន គ្រឿងត្រូវបានលក់នៅលើទីផ្សារ ដោយក្នុងនោះ Apple បានឈរនៅលំដាប់ទី១ ជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេ មានរហូត ដល់ ៩០លានគ្រឿង ខណៈដែលការរំពឹងទុកត្រឹមតែ ៦០លានគ្រឿងប៉ុណ្ណោះ។

មិនទាន់មានរបាយការណ៍ច្បាស់លាស់នោះទេ ពាក់ព័ន្ធនឹងតួលេខនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងៗ ប៉ុន្តែ Digitimes Research បាន បញ្ជាក់ថា ក្រុមហ៊ុន Samsung បានឈរនៅលេខរៀងទី២, Xiaomi លេខរៀងទី៣ ខណៈដែល Huawei អាចឈរនៅលេខរៀងទី៤។

Digitimes Research ក៏បានរំពឹងទុកផងដែរថា ស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យា 5G នឹងអាចលក់បានរហូតដល់ ៦០០លានគ្រឿង នៅក្នុង ឆ្នាំ ២០២១នេះ ខណៈដែលកាលពីឆ្នាំ ២០២០ មានត្រឹមតែ ២៨០លានគ្រឿងប៉ុណ្ណោះ៕