(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកិច្ចសន្យាថ្មី ដល់កីឡាករចាស់វស្សារបស់ខ្លួនចំនួន ៤រូបរួមមាន ប្រាក់ មុន្នីឧត្តម, រស់ គង់សំរេច, សឿយ វិសាល និង ជា សំណាង មុនការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ បើកការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ។

កីឡាករ ៤រូបខាងលើសុទ្ធសឹងជាកីឡាករ ដែលផ្ដើមអាជីពបាល់ទាត់យូរឆ្នាំជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ លើកលែងតែប្រធានក្រុម សឿយ វិសាល ដែលផ្ទេរពីក្លិបអាស៊ីអឺរ៉ុបយូណាយធីត មកកាន់ស្វាយរៀងក្រោយគេកាលពីឆ្នាំ២០១៤។ ប៉ុន្ដែការប្រកាសបន្ដកុងត្រានេះ ក្លិបមិនបានបញ្ជាក់ពីរយៈពេលនៃកិច្ចសន្យាថ្មីនោះទេ។

ក្នុងរដូវកាលថ្មីនេះ ក្រៅពីពង្រឹងធនធានកីឡាករចាស់ៗរបស់ខ្លួន ស្វាយរៀង ក៏បាននាំចូលកីឡាករមានបទពិសោធមកពង្រឹងក្រុមផងដែរ ដូចជាខ្សែប្រយុទ្ធសេណាហ្គាល់ Robert Lopez Mendy និងខ្សែប្រយុទ្ធអេស្ប៉ាញ Mika បន្ថែមលើកីឡាករបរទេស ៣រូបទៀត ដែលក្លិបបានបន្ដកុងត្រា រួមមានខ្សែបម្រើជប៉ុន Daisuke, ខ្សែបម្រើប្រេស៊ីល Thiago និងខ្សែប្រយុទ្ធដ៏មុតស្រួច Privat ជាដើម។

ក្រឡេកមកចាប់អារម្មណ៍លីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលគ្រោងនឹងបើករដូវកាលថ្មីនាថ្ងៃទី០៦-០៧ ខែមីនាចុងសប្ដាហ៍នេះ ក្រុមព្រះខ័នរាជស្វាយរៀង ពុំទាន់មានកម្មវិធីប្រកួតនោះទេ ដ្បិតក្រុមលោក Conor Nestor បានចាប់ឆ្នោតប៉ះថ្ងៃសម្រាកក្នុងសប្ដាហ៍ទី១ ខណៈប្រកួតដំបូង ក្រុមជើងឯករងឆ្នាំចាស់ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមអគ្គិសនីកម្ពុជានាថ្ងៃទី១៣ ខែមីនាខាងមុខនៅកីឡដ្ឋានខេត្តស្វាយរៀង៕