(ភ្នំពេញ)៖ ក្រុមហ៊ុន អិមអេសខេអេសភីស៉ី ត្រេឌីង ឯ.ក បានជូនដំណឹងដល់អាជីវករ ពាណិជ្ជករ អតិថិជន សាធារណជនទាំងអស់អំពីការទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផលគ្រឿងសម្អាង ឡេលាបស្បែក ឡេលាបសក់ សាប៊ូលាងមុខ ទឹកអប់អប់ និងអាហារបំប៉នម៉ាក NATURE’S WAY នៅប្រទេសកម្ពុជា។

មេធាវី គន្ធ សុធីរ ជាសមាជិកគណៈមេធាវីកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិឱ្យក្រុមហ៊ុន អិមអេសខេអេសភីស៉ី ត្រេឌីង ឯ.ក បានបញ្ជាក់ជូនថា ក្រុមហ៊ុន អិមអេសខេអេសភីស៉ី ត្រេឌីង ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផលគ្រឿងសម្អាង ឡេលាបស្បែក ឡេលាបសក់ សាប៊ូលាងមុខ ទឹកអប់ និងអាហារបំប៉នម៉ាក NATURE'S WAY នៅប្រទេសកម្ពុជា ពីក្រុមហ៊ុនដើម PARM-A-CARE LABORATORIES
PTY LIMITED ស្របតាមច្បាប់នៃកម្ពុជា។

ក្រុមហ៊ុន អិមអេសខេអេសភីស៉ី ត្រេឌីង ឯ.ក បានផ្តល់រយៈពេលចំនួន ៣ ខែ ជូនដល់អាជីវករ ពាណិជ្ជករ ដោយគិតចាប់តាំងពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចែកចាយរាល់ផលិតផលម៉ាក NATURE'S WAY ដែលបាននាំចូលមុនថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឱ្យអស់ពីស្តុក និងបញ្ឈប់រាល់ការនាំចូលផលិតផលទាំងនោះដោយរំលោភលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រោយពេលផុតកំណត់ខាងលើ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងចំពោះជនណា ដែលបានរំលោភបំពានលើសេចក្តីជូនដំណឹងនេះ ដោយយោងលើមាត្រា ៣, មាត្រា ១១ និងមាត្រា ៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៕