(កូរ៉េ)៖ ក្រុមចម្រៀងបុរសល្បីឈ្មោះរបស់កូរ៉េខាងត្បូង BTS នៅពេលនេះបានបំបែកកំណត់ត្រាជោគជ័យថ្មីមួយទៀតហើយ ដោយស្នាដៃចម្រៀងរបស់ពួកគេបានឈរនៅលេខរៀងទី១ ក្នុងចំណោមស្នាដៃល្បីៗចំនួន១០០ លើតារាង Billboard’s Artist 100 របស់អាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea times នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

ទាំងអ្នកគាំទ្រ និងផលិតកម្មរបស់ក្រុមចម្រៀង BTS ហាក់សម្តែងក្តីសប្បាយរីករាយ និងមានមោទនភាពជាបន្តបន្ទាប់ចំពោះក្រុមដែលមានសមាជិក៧នាក់មួយនេះ។ ស្នាដៃចម្រៀងរបស់ពួកគេ បានឈរនៅលើកំពូលតារាងតែម្តង ទាំងនេះគឺដោយសារតែប្រជាប្រិយភាពរបស់ពួកគេ គឺមានទូទាំងពិភពលោកតែម្តង ដែលធ្វើឲ្យការលក់បទចម្រៀងមានការកើនឡើង និងចំនួនអ្នកចូលទស្សនាលើបណ្តាញសង្គមក៏កើនឡើងដូចគ្នា។

កំណត់ត្រាថ្មីនេះ បានធ្វើឲ្យក្រុមចម្រៀង BTS ក្លាយជាក្រុមចម្រៀងលំដាប់កំពូលដែលឈរនៅលើកំពូលតារា Billboard’s Artist 100 របស់អាមេរិកច្រើនជាងគេ បន្ទាប់ពី Taylor Swift, Drake និង The Weekend។

Billboard បានឲ្យដឹងថា ការគាំទ្រប្រចាំសប្តាហ៍ ទទួលបានប្រជាប្រិយភាព តាមរយៈការចេញអាល់ប៊ុមថ្មីរបស់ BTS «BE» ។ ក្រុម BTS បានឡើងពីលេខ ៧៤ ដល់លេខ ៧ នៅលើតារាងអាល់ប៊ុមសំខាន់ៗ បន្ទាប់ពីការចេញផ្សាយ «Essential Edition» កាលពីខែកុម្ភៈ។ ក្រៅពីនេះ គឺមានបទចម្រៀងផ្សេងទៀត ដែលធ្វើឲ្យក្រុមនេះកាន់តែមានប្រជាប្រិយភាពរហូតដល់ឈរនៅលេខរៀងទី១ នៃតារាង Billboard។

គួរជម្រាបថា បើតាមទិន្នន័យរបស់ Nielsen Music ដែលដកស្រង់ដោយ Billboard បានឲ្យដឹងថា អាល់ប៊ុម «BE» លក់បានរហូតដល់ ២៨,០០០ កូពី ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ពោលគឺបានកើនឡើង៨៨៨ភាគច្រើន៕