(ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata បានត្រឡប់មកចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) វិញហើយ បន្ទាប់ពីរួមចំណែកជួយក្រុមនាគខៀវបឹងកេត លើកពានលីគកំពូលកម្ពុជាកាលពីឆ្នាំ២០២០ កន្លងទៅ។
នេះគឺជាលើកទី២ ហើយដែល Dzarma Bata បានចូលរួមជាមួយក្រុមកងយោធពលខេមរភូមិន្ទ ដ្បិតគេចាំបានថា នៅឆ្នាំ២០១៩ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ បានរួមចំណែកជួយក្រុមមានមូលដ្ឋាននៅស្ដាតចាស់នេះ បានមួយជើងមុនផ្ទេរទៅលេងឲ្យក្លិបភ្នំពេញក្រោន ក្នុងឆ្នាំដដែល។
Bata គឺជាកីឡាករបរទេសមានបទពិសោធជោគជាំក្នុងលីគកំពូលកម្ពុជា ពិសេសគេធ្លាប់ជួយក្រុមបឹងកេត លើកពានលីគ ២សម័យកាលក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២០។ អ្វីដែលគេចងចាំមិនភ្លេច កាលពីរដូវកាលកន្លងទៅ គ្រាដែលបឹងកេត ត្រូវការ ១ពិន្ទុដើម្បីលើកពាន Bata នេះហើយ គឺជាអ្នករកគ្រាប់បាល់តាមស្មើភ្នំពេញក្រោន ១-១ នៅនាទី៩០+៧ ដែលជួយឲ្យក្រុមនាគខៀវគ្រងជើងឯកតែម្ដង។
ដូច្នេះមកទល់ពេលនេះ ក្រុមកងយោធពលខេមរភូមិន្ទបានបំពេញកូតាកីឡាករបរទេស ៥រូប ដើម្បីត្រៀមរដូវកាលថ្មីរួចហើយ ពោលគឺក្រៅពីកីឡាករ Dzarma Bata គឺមានខ្សែប្រយុទ្ធប្រេស៊ីល Cristiano Santos Sergipano ខ្សែការពារជប៉ុន Rio Sakuma និងមិត្តរួមជាតិ Yuta Kikuchi ដែលជាកីឡាករនាំចូលថ្មី។ រីឯម្នាក់ទៀត គឺខ្សែប្រយុទ្ធប្រេស៊ីល Romario Alves ដែលក្លិបបានបន្ដកុងត្រាថ្មី សម្រាប់ឆ្នាំ២០២១ នេះ។
ដោយឡែកនៅចុងសប្ដាហ៍នេះ ក្រុមកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតបើកឆាករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវិសាខា នាថ្ងៃទី០៧ ខែមីនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានព្រីនស៍៕