(ក្រុងតូរីន)៖ អ្នកចាំទីក្លិបសេះបង្កង់ Juventus កីឡាករ Gianluigi Buffon បានបង្ហាញថា លោកមាន គម្រោងចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងរបស់កីឡាករវ័យ៤៣ឆ្នាំសញ្ជាតិអ៉ីតាលីខាងលើជាមួយ Juventus នឹងផុតកំណត់ នៅចុងរដូវកាលនេះ ហើយកិច្ចព្រមព្រៀងថ្មី នៅមិនទាន់មានការយល់ព្រម ជាមួយនឹងក្លិបម្ចាស់ពានរង្វាន់ជើងឯក Serie A នេះនៅឡើយទេ។

Buffon ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០១៧ ថា លោកអាចនឹងចូលនិវត្តន៍នៅឆ្នាំ២០១៨ ប៉ុន្តែក្រោយមក លោកបានផ្លាស់ទៅលេងឲ្យក្លិបបារាំង Paris St-Germain ១ឆ្នាំ មុនពេលវិលត្រឡប់មក Juventus វិញនៅរដូវកាលបន្ទាប់។

Boffun ទើបតែចូលលេងបាន ១០ប្រកួតប៉ុណ្ណោះឲ្យសេះបង្កង់ក្នុងរដូវកាលនេះ ដ្បិតរូបគេបានក្លាយជាកីឡាករចាំទីដៃទី២ បន្ទាប់ពី Wojciech Szczesny ដែលបានផ្ទេរមកពីក្លិបកាំភ្លើងធំ Arsenal ក្នុងលីគ Premier League របស់អង់គ្លេស៕