(កូឡាឡុំាពួ)៖ Nine Dragons Paper, ជាក្រុមហ៊ុនផលិតក្រដាសរបស់ចិន, នឹងវិនិយោគទឹកប្រាក់៥,៤ពាន់លានរីងហ្គីត (ប្រមាណ១,៣៣ពាន់លានដុល្លារអាមេរិក) នៅប្រទេសម៉ាឡេស៊ី, នេះបើតាមការបញ្ជាក់ពី អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ។

MIDA បានលើកឡើងថា «គម្រោងដែលមានរោងចក្រចំនួន២នេះ នឹងបង្កើតឱកាសការងារសរុប២.១៨០កន្លែង ដែលក្នុងនោះជិត៩០ភាគរយ នឹងជាជនជាតិម៉ាឡេស៊ី, គម្រោងនឹងមានទីតាំងនៅតំបន់ Banting រដ្ឋ Selangor ដែលត្រូវបានគេរំពឹងថា នឹងប្រតិបត្តិការនៅឆ្នាំ២០២២»។

បើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin បានឲ្យដឹងថា គម្រោងផលិតកម្មសរុប៥៧២ ដែលជាការវិនិយោគរបស់ចិន ជាមួយនឹង ទឹកប្រាក់៧៨,៦១ពាន់លានរីងហ្គីដ ត្រូវបានអនុម័តដោយ MIDA គិតត្រឹមខែធ្នូ ឆ្នាំ២០២០៕