(បាសេឡូណា)៖ FC Barcelona បានធ្វើការវាយបកឈ្នះគូប្រជែង Sevilla ក្នុងលទ្ធផល ៣-០ ក្នុងជើងទី២ វិញនៅរាត្រីថ្ងៃពុធ ទី០៣ ខែមីនា ក្រោយពេលចាញ់ ២-០ នៃជើងទី១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Cope del Rey រដូវកាល ២០២០-២០២១។
ក្រុមរបស់របស់លោក Ronald Koeman ត្រូវរង់ចាំរវាងក្រុម Levante ឬក៏ Athletic Bilbao ដែលត្រូវប្រកួតបញ្ចប់ជើងទី២ នារាត្រីនេះ នៅពេលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលជើងទី១។
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele រកបាន ១គ្រាប់នៅនាទី១២ មុនពេល Antoine Griezmann បញ្ជូនបាល់ឲ្យ Gerard Pique រកបានគ្រាប់ទី២ នៅនាទី៩០+៤ ដែលធ្វើឲ្យការប្រកួតថែម ១៥នាទី ២ដងកើតមានឡើង នៅពេលពួកគេ (Barcelona) បានរបូត ២គ្រាប់ដូចគ្នាកាលពីជើងទី១ នៅទឹកដី Sevilla ក្នុងវគ្គ ៤ក្រុមចុងក្រោយនេះ។
តែយ៉ាងណា សមាជិកថ្មីដែលជាខ្សែប្រយុទ្ធដូចគ្នា Braithwaite ក៏រកបានគ្រាប់ជ័យជម្នះនៅនាទី៩៥ ក្នុងនាទីបន្ថែម នៅពេលទទួលបាល់ពីមិត្តរួមក្រុម Jodi Alba ដើម្បីទម្លាក់ Sevilla ចេញពី Copa del Rey នៅពេលពួកគេនៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៩០+២ និងបន្តបាត់បង់ Luuk de Jong ថែមទៀតនៅនាទី១០៣ ដោយសារពិន័យកាតក្រហម៕