(ញូវដេលី)៖ ខណៈដែលក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla ងាកទៅចាប់អារម្មណ៍ និងគ្រោងវិនិយោគនៅក្នុងប្រទេសចិន នោះស្រាប់តែពេលនេះ ប្រទេសឥណ្ឌាបានបង្ហាញពីជំហររបស់ខ្លួន ដោយផ្ដល់អាទិភាពខ្ពស់ដល់ក្រុមហ៊ុន Tesla ក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដោយបានធានាទៅលើប្រាក់កម្លាំងពលកម្មទាបជាងចិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Nitin Gadkari បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា នៅពេលនេះក្រុមហ៊ុន Tesla បានចុះបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌារួចរាល់ ហើយប៉ុន្តែអ្វីដែលរដ្ឋាភិបាលឥណ្ឌាចង់បាននោះគឺចង់ឱ្យក្រុមហ៊ុន Tesla បង្កើតរោងចក្រនៅក្នុងប្រទេសឥណ្ឌា។

លោក Nitin Gadkari បានបញ្ជាក់ថា បើសិនជា Tesla បង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌា នៅរដ្ឋាភិបាលសូមធានា និងសន្យាថានឹងផ្ដល់ជូននូវតម្លៃពលកម្មទាបជាងប្រទេសចិន ខណៈដែលប្រភពព័ត៌មានជាច្រើនបានលើកឡើងថា Tesla គ្រោងនឹងនាំយករថយន្តអគ្គិសនីរបស់ខ្លួនមកលក់នៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ។

រដ្ឋាភិបាលឥណ្ឌា បានប្រកាសបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការបើកទទួលយកក្រុមហ៊ុនវិនិយោគបរទេសឱ្យមកវិនិយោគ នៅក្នុងប្រទេសជាមួយនឹងតម្លៃពលកម្មទាបជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ហើយឥណ្ឌាក៏បានបង្ហើបឱ្យដឹងផងដែរថា ខ្លួនចង់បង្កើនការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឱ្យបានច្រើន ជាពិសេសគឺការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ជាជាងការនាំមូលពីក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា ឥណ្ឌា និងចិន ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងមិនសូវល្អនឹងគ្នានោះទេ ដោយកងកម្លាំងបានប៉ះទង្គិចគ្នា នៅតាម ព្រំដែន ជាពិសេសគឺរដ្ឋាភិបាលឥណ្ឌាបានបិទកម្មវិធី (App) ជាច្រើនរបស់ចិន ដោយក្នុងនោះរួមមានតាំង TikTok និង Alibaba ផងដែរ៕