(មេនឆេស្ទើ)៖ ក្រុមខ្លាំង Manchester United និង Leicester City រកបានតែម្នាក់ ១ពិន្ទុដូចគ្នា ក្នុងជំនួបជើងទី២ សប្តាហ៍ទី២៧ នៅលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ ខណៈក្រុមលោក Ole Gunnar Solskjaer បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទល់នឹង Crystal Palace នៅពេល Leicester លេងស្មើនឹងម្ចាស់ផ្ទះ Burnley។

Man Utd នៅមិនទាន់អាចរកបានជ័យជម្នះនៅឡើយនោះទេ សម្រាប់ ២ប្រកួតចុងក្រោយប្រចាំលីគរបស់ពួកគេពេលលេងស្មើ ០-០ ជាមួយតោខៀវ Chelsea បន្ទាប់ពីលេងស្មើជាមួយក្រុមអេស្ប៉ាញ Real Sociedad នៅពាន UEL របស់អឺរ៉ុប។

ក្រុមរហស្សនាមបិសាចក្រហម Manchester United បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Selhurst Park របស់ Crystal ដោយក្រុមទាំងពីរមិនអាចរកបានគ្រាប់ស៊ុតបញ្ចូលទីនោះទេ ដែលធ្វើឲ្យ Man Utd ឈរលេខ២ ក្នុងតារាងពិន្ទុមានភាគរយកាន់តែស្តើងខ្លាំង ក្នុងការព្យាយាមប្រជែងពាន Premier League រដូវកាលនេះ ដោយមានតែ ៥១ពិន្ទុដាច់ពីគូប្រជែង Manchester City ដល់ទៅ ១៤ពិន្ទុដាច់បណ្តោះអាសន្ន។

ក្រុមឈរលេខ៣ Leicester City នៅតែរក្សាតំណែងរបស់ខ្លួនបានដដែល ក្រោយពេលរកបាន ១ពិន្ទុ បន្ទាប់ពីបានវាយបកតាមស្មើគូប្រជែងម្ចាស់ផ្ទះ Burnley ១-១ ដែលជាការធ្វើបានដោយកីឡាករ Vydra នៅនាទី៤ និងការតាមបាន ១គ្រាប់ពីភ្ញៀវមកវិញដោយ Iheanacho នៅនាទី៣៤ ដែលធ្វើឲ្យក្រុមមានរហស្សនាមកញ្រ្ជោងខៀវមាន ៥០ពិន្ទុ ស្របពេល Burnley រកបាន ២៩ពិន្ទុ ដែលការប្រកួតនៅសល់តែ ១១លើកទៀតប៉ុណ្ណោះសម្រាប់រដូវកាលនេះ៕