(ភ្នំពេញ)៖ ក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ គឺក្លិបបាល់ទាត់ខេត្តព្រៃវែង បានរៀបចំពិធីសូត្រមន្ដ និងក្រុងពាលីសាងសង់ព្រះភូមជាសក្ការៈបូជា នៅកីឡដ្ឋានរបស់ខ្លួន ដែលនឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួតបើករដូវកាលថ្មីជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ នាថ្ងៃទី០៦ ខែមីនា ចុងសប្ដាហ៍នេះ។

ពិធីសែនព្រេនតាមបែបព្រះពុទ្ធសាសនានេះ បានធ្វើឡើងក្រោមវត្តមានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែង ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័ក្តសិទ្ធ តាមជួយថែរក្សាក្រុមកីឡាករខេត្តព្រៃវែង ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

គួរដឹងថា ក្លិបបាល់ទាត់ខេត្តព្រៃវែង នឹងត្រូវប្រកួតបើករដូវកាលថ្មីក្នុងទឹកដីរបស់ខ្លួន នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាមួយក្រុមលេខ៧ ឆ្នាំចាស់ គឺក្លិបអង្គរថាយហ្គឺរ។ ជំនួបរវាងក្រុមចំណូលថ្មី និងក្រុមមានបទពិសោធជោគជាំក្នុងលីគនេះ ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ដ្បិតព្រៃវែង ធ្លាប់ទម្លាក់អង្គរថាយហ្គឺរ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលពីឆ្នាំ២០២០ កន្លងទៅ៕