(ភ្នំពេញ)៖ ទីបំផុត កម្មវិធីប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តរដូវកាលទី២ បានស្វែងរកនូវសមាសភាពបេក្ខនារីទាំង១៤ រូបជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានធ្វើការប្រកួតជម្រុះឆ្លងកាត់ជាច្រើនវគ្គកន្លងមក ដែលកម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយ៍ទូរទស្សជាតិកម្ពុជា និងមានការគាំទ្រ ចូលរួមសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា។

អ្នករៀបចំកម្មវិធី អ្នកនាង សំណាង ពុទ្ធានី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា បេក្ខនារីទាំង១៤រូប ដែលបានប្រកាសជាផ្លូវការក្នុងកម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២នេះ គឺសុទ្ធសឹងជាសុភាពនារី ដែលមានសមត្ថភាព ទេពកោសល្យ និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ រួមទាំងមានចំណេះដឹងជ្រៅជ្រះ ទាំងភាសារជាតិ អន្តរជាតិ និងជំនាញសិល្បៈខុសគ្នារៀងៗខ្លួន ក៏ដូចជាយល់ដឹងច្បាស់ពី ពីវប្បធម៌ អរិយធម៌ខ្មែរដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិយើងបានយ៉ាងច្បាស់។

អ្នកនាងបានបន្តឲ្យដឹងថា កម្មវិធីប្រកួត «ធីតាឯកសង្រ្កាន្ត» ក្នុងឆ្នាំនេះ មានសកម្មភាពដ៏ពិសេសម្យ៉ាង គឺការហ្វឹកហាត់រាំរបាំប្រពៃណីខ្មែរ ដែលត្រូវតម្រូវឲ្យបេក្ខនារីទាំង១៤ រូបយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងឲ្យកាន់តែខ្លាំងក្លា ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងទទួលបាននូវជ័យលាភី។ ក្រៅពីនេះ បេក្ខនារីទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ការថតរូបផ្លូវការ ដំណើរកម្សាន្ត និងការបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនជាដើម។

គួររំឭកថា សម្រាប់ការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្ត គឺមានការរៀបចំឡើង ដោយក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន (FUN Entertainment) និងមានអ្នកដាក់ពាក្យប្រមាណជាង២០០នាក់ ប៉ុន្តែមានតែ១៤នាក់ប៉ុណ្ណោះ ដែលត្រូវជាប់ជាបេក្ខនារីផ្លូវការរបស់កម្មវិធីនេះ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់ជ័យលាភីទាំង ៧នាក់ ទទួលបានឱកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ កូនរបស់កបិលមហាព្រហ្មសម្រាប់ ចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕