(ភ្នំពេញ)៖ កីឡាករបរទេសត្រូវបំពេញកូតាត្រៀមលីគរដូវកាលថ្មីរបស់ក្រុមការពារតំណែងជើងឯកបឹងកេត និងអតីតក្រុមជើងឯក ៦សម័យ ភ្នំពេញក្រោន ត្រូវបានបង្ហាញហើយ ដែលសុទ្ធសឹងជាខ្សែប្រយុទ្ធអន្ដរជាតិ ដែលមានបទពិសោធជោគជាំនៅអឺរ៉ុបដូចគ្នា។

យោងតាមបញ្ជីកីឡាករត្រៀមរដូវកាលថ្មី ដែលផ្ដល់ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សម្រាប់កីឡាករបរទេសទី៥ របស់ក្រុមនាគខៀវបឹងកេត គឺខ្សែប្រយុទ្ធកម្ពស់ ១,៩៤ម៉ែត្រ សញ្ជាតិសែប៊ី Marko Rajkovic ដែលផ្ទេរមកពីក្លិប Happy Valley AA នៃលីគកំពូលហុងកុង។

រីឯកីឡាករបរទេសទី៥ របស់ក្លិបសិង្ហក្រហមភ្នំពេញក្រោន គឺជាអតីតខ្សែប្រយុទ្ធជម្រើសជាតិ U21 អ៊ុយក្រែន កីឡាករ Valeriy Hryshyn ដែលផ្ទេរមកពីក្របខណ្ឌលីគទី២ ប្រទេសអ៊ុយក្រែន។ ដូច្នេះមកពេលនេះ ក្រុមខ្លាំងៗពីរ គឺបានបំពេញកូតាកីឡាករបរទេសត្រៀមរដូវកាលថ្មីរួចរាល់ហើយ បន្ទាប់ពីទីផ្សារដោះដូរកីឡាករបានបិទបញ្ចប់នៅចុងខែកុម្ភៈកន្លងទៅ។

គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា នឹងបើករដូវកាលថ្មីនាចុងសប្ដាហ៍នេះ ដោយក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមសូលទីឡូអង្គរ នាថ្ងៃទី០៦ ខែមីនា នៅកីឡដ្ឋាន SRU ខេត្តសៀមរាប គ្រាដែលបឹងកេត នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋាន Cambodia Airway របស់ខ្លួននាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១៕