(កូរ៉េ)៖ ក្រុមហ៊ុនយក្សរបស់អាមេរិក Google នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ចេញវីដេអូមួយ ក្រោមចំណងជើងថា «Women’s History Month 2021» ក្នុង Channel យូធូបផ្លូវការរបស់ខ្លួន។ ក្នុងនោះ គេឃើញមានតារាចម្រៀងស្រីម្នាក់គត់ គឺ CL របស់កូរ៉េខាតត្បូង ត្រូវបានជ្រើសរើសជាសិល្បរិនីម្នាក់ ក្នុងចំណោមនារីល្បីៗដទៃទៀតក្នុងវីដេអូនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Kpop Hit នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

ជាការកត់សម្គាល់ វីដេអូដែលក្រុមហ៊ុន Google បានបញ្ចេញនោះ គឺដើម្បី អបអរសាទរ ដល់ស្ត្រីដែលទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និង មានផលប៉ះពាល់ (Impact) ដល់មុខជំនាញផ្សេងៗរបស់ពួកគេម្នាក់។ លើសពីនោះ គឺបានបង្ហាញដល់ភាពជោគជ័យរបស់ស្ត្រីជាច្រើនរូប ដែលបានបំបែកកំណត់ត្រាក្នុងអាជីពផ្សេងៗ ដូចជា លោកស្រី Sally Ride ស្ត្រីអាមេរិកដំបូងបង្អស់ទៅលើទីអាវកាស, លោកស្រី Marie Curie ស្ត្រីដំបូងដែលឈ្នះពានរង្វាន់ Nobel, ស្រីដែលជោគជ័យលើផ្នែកវិទ្យាសាស្រ្ត, ផ្នែកចម្រៀងរ៉េប, ផ្នែកជំនួញ និងស្ត្រីដំបូងដែលបានឡើងដល់កំពូលភ្នំ Everest ជាដើម។

តាមរយៈវីដេអូពិសេសរបស់ Google ថ្មីនេះ តារាចម្រៀងទោលល្បីឈ្មោះរបស់កូរ៉េខាងត្បូង CL បានប្រើប្រាស់បណ្តាញសង្គម Twitter និង Instagram របស់ខ្លួនដើម្បីថ្លែងអំណរគុណដល់ក្រុមហ៊ុន Google ដែលបានផ្តល់កិត្តិយសដល់នាងក្នុងការចូលរួមនៅក្នុងវីដេអូពិសេស ដែលនិយាយពីភាពជោគជ័យរបស់ស្ត្រី ក៏ដូចជាចូលរួមអបអរដល់សមិទ្ធផលរបស់ស្រ្តីមួយនេះ។

គួររំឭកថា CL បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៨ តាមរយៈបទចម្រៀងរ៉េបរបស់ Uhm Jung Hwa ក្រោមចំណងជើងថា «DJ»។ ចាប់តាំងពីពេលនោះមក នាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់ផ្តើមនៃយុគសម័យ K-pop ក្នុងនាមជាមេដឹកនាំក្រុមចម្រៀងនារី 2NE1 និងមានមហាជនទូទាំងពិភពលោកស្គាល់នាងរហូតដល់សព្វថ្ងៃ៕