(ឡុងដ៍)៖ ជើងខ្លាំងប្រដាល់សកលកម្រិតទម្ងន់ធ្ងន់លំដាប់ពិភពលោក សញ្ជាតិអង់គ្លេស ២រូប Anthony Joshua និង Tyson Fury ត្រូវបានអ្នករៀបចំកម្មវិធីប្រកួត លោក Bob Arum លើកឡើងថា បានព្រមព្រៀងឡើងសង្វៀនប្រជែងគ្នាដណ្តើមយកខ្សែក្រវាត់ដល់ទៅ ៤កម្រិតផ្សេងគ្នា ក្នុងឆ្នាំ២០២១នេះ។

កីឡាករ Tyson Fury វ័យ ៣២ឆ្នាំ កំពុងកាន់កាប់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC និងគូប្រជែង Anthony Joshua ជាម្ចាស់ខ្សែក្រវាត់ ៣កម្រិតផ្សេងគ្នាផងដែររួមមាន IBF, WBO និង WBA អាចត្រូវប្រជែងគ្នាដណ្តើមយកខ្សែក្រវាត់ទាំងនេះក្នុងពេលតែមួយជាលើកដំបូង នៅក្រោយពេល Joshua ទើបតែបានផ្តួល Kubrat Pulev កាលពីខែធ្នូ ឆ្នាំ២០២០។

អ្នករៀបចំកម្មវិធីខាងលើបានបញ្ជាក់ថា «គ្រប់ចំណុចទាំងអស់ត្រូវបានយល់ព្រមអស់ហើយ»

តែនៅពេលអ្នកសារព័ត៌មានសួរថា តើនឹងចាប់ផ្តើមពេលណានោះ? លោក Arum បានឆ្លើយថា «ពិតប្រាកដណាស់ យើងមិនទុកយូរនាំតែខ្វាយខ្វល់នោះទេ។ ក្នុងខណៈពេលនេះ យើងបានកំពុងស្វះស្វែងរកការចុះហត្ថលេខារវាងកីឡាករទាំងពីរ និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យវាកើតមានឡើង»។

តែយ៉ាងណាសម្រាប់ទីតាំង និងពេលវេលាពិតប្រាកដ មិនត្រូវបានលោក Bob Arum បញ្ជាក់ច្បាស់ឡើយ ដោយសំអាងលើវិបត្តិ COVID-19 មិនទាន់ធូរស្រាល៕