(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចំណាយថវិកាជាង៣០លានដុល្លារអាមេរិក ដើម្បីទូទាត់ការបញ្ចេញឧស្ម័នកាបូន១៣លានតោន ក្នុងរយៈពេល១០ខែ កាលពីឆ្នាំមុន ដែលវាជាផ្នែកមួយ នៃការសន្យារបស់ខ្លួន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ។

 

Delta ក្នុងខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសផែនការ នឹងវិនិយោគថវិកា១ពាន់លានដុល្លារអាមេរិក នៅទសវត្សក្រោយ ក្នុងគំនិតផ្តួចផ្តើម ដូចជាការទូទាត់ និងការទ្រទ្រង់ប្រេងឥន្ធនៈអាកាសចរណ៍ និងការបន្សាបកាបូន ដែលនឹងកំណត់ផលប៉ះពាល់ នៃការធ្វើដំណើរតាមអាកាសលើពិភពលោក លើបរិស្ថាន, ដែលនេះ ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានប្តេជ្ញាចិត្តក្នុងកម្រិតនេះ។

ចំនួនទឹកប្រាក់ ដែលក្រុមហ៊ុន Delta គ្រោងនឹងចំណាយសម្រាប់ការទូទាត់ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ស្មើនឹងតិចជាង០,៣៥ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន នៅអំឡុងពេលដូចគ្នានោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមសំពាធ របស់រដ្ឋបាលលោកប្រធានាធិបតី Biden ដោយណែនាំឲ្យធ្វើឲ្យបានកាន់តែច្រើនថែមទៀត ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល៕