(លីវើភូល)៖ ខ្សែប្រយុទ្ធវ័យក្មេង Mason Mount រកបាន ១គ្រាប់ជួយតោខៀវ Chelsea ទទួលបានជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ១-០ ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពិន្ទុ Premier League ជាបណ្តោះអាសន្នវិញ គិតត្រឹមសប្តាហ៍ទី២៧ ជើងទី២ នេះ។

នេះក៏ជាគ្រាប់ទី៣ របស់កីឡាករអង់គ្លេសដែលស្ថិតក្រោមការបង្វឹករបស់លោក Thomas Tuchel ក្នុងលីគ ៨ប្រកួតមកនេះ ដ្បិតរូបគេក៏ស៊ុតបាន ១៨គ្រាប់ផងដែរ ស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការចាស់ Frank Lampard។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ Mason Mount ក៏បានជួយតោខៀវសងសឹក Liverpool បានសម្រេចវិញផងដែរ នៅពេលពួកគេបានចាញ់ ២-០ កាលពីជើងទី១ នៅទឹកដី Stamford Bridge ក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ ហើយក៏ជាការបរាជ័យលើកទី៥ ក្នុងដីនៅ Premier League ក្នុងរដូវកាលឆ្នាំ២០២០-២០២១ របស់លោក Jurgen Klopp ទៀតផង។

Liverpool ដែលឈ្នះជើងឯកលីគនៅរដូវកាលមុននេះ បានកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ ប្រឈមទៅនឹងអត់បានកៅអីលេង UEFA Champions League ផងដែរ ជាមួយនឹងទម្រង់លេងធ្លាក់ជាខ្លាំង គិតចាប់តាំងពីបានចាញ់ Burnley នៅទឹកដី Anfield កាលពីខែមករា ឆ្នាំ២០២១ មក៕