(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក កំពុងពិចារណាអនុម័តទឹកប្រាក់ចំនួន ៣០ពាន់លានដុល្លារ ដើម្បីជំរុញឱ្យឧស្សាហកម្ម ផលិត ឈីប ក្នុងស្រុកដំណើរការទៅបានល្អ និងបង្កើនការផលិត ដែលវាជាវិធានការណ៍មួយក្នុងការប្រកួតប្រជែងប្រឆាំង នឹងប្រទេសចិន។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ប្រភពពីសមាជិកសភា បានបង្ហើបឱ្យដឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក គ្រោងអនុម័តលើគម្រោងកញ្ចប់ថវិកា ៣០ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញវិស័យបច្ចេកវិទ្យាអាមេរិកឱ្យកាន់តែខ្លាំងក្លា ដោយក្នុងនោះរួមមានទាំងការផលិតឈីបផងដែរ ព្រោះថាកន្លងមក អាមេរិកគឺជា ប្រទេស ដែលឈានមុខលើបច្ចេកវិទ្យា ប៉ុន្តែបែរជាទៅប្រើប្រាស់នូវបច្ចេកវិទ្យា និងឧបករណ៍របស់ចិន ហើយបែរជាប្រកាសថា ឧបករណ៍ទាំង នោះអាចបង្កហានិភ័យដល់សន្តិសុខជាតិ។

អាចនិយាយបានថានេះជាគោលនយោបាយថ្មី ជាន់លើគោលនយោបាយចាស់របស់អាមេរិក ព្រោះកាលពីជំនាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រឆាំងដាក់ខាតជាមួយនឹងចិន លើវិស័យបច្ចេកវិទ្យា ដោយ បានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍របស់ក្រុមហ៊ុនចិនជាច្រើន ក្នុងនោះក៏មានការដាក់បញ្ចូលក្រុមហ៊ុនចិន នៅក្នុងបញ្ជីខ្មៅ របស់ខ្លួនទៀតផង។

ពាក់ព័ន្ធនឹព័ត៌មានគម្រោងកញ្ចប់ថវិកា ៣០ពាន់លានដុល្លារអាមេរិកនេះ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក បដិសេធមិនផ្ដល់ចម្លើយ ប៉ុន្តែ គេ បានដឹងថា ថវិកានេះគឺនឹងផ្ដល់ជំនួយទៅលើការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច រួមនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើត មាន ជាបច្ចេកវិទ្យាថ្មី៕