(ម៉ាឌ្រីដ)៖ Athletic Bilbao នឹងត្រូវប៉ះ FC Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa del Rey 2021 នៅក្រោយពេលទម្លាក់គូប្រជែង Levante ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដងពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា។

ការរកបានម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ Raul Garcia និង Alex Berenguer ជួយឲ្យ Bilbao យកឈ្នះម្ចាស់ផ្ទះ Levante ២-១ នៅក្រោយពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ ក្នុងផ្ទះរបស់ខ្លួន ដើម្បីមានសិទ្ធិឡើងទៅប៉ះ Barcelona ដែលឈរចាំមុននោះ បន្ទាប់ពីទម្លាក់ Sevilla ៣-២ ទាំង២ជើងរួចមក។

ជំនួបរវាង Athletic Bilbao ប៉ះ FC Barcelona នឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅក្រោយពេលតែ ១៤ថ្ងៃប៉ុណ្ណោះដែល Bilbao ត្រូវប៉ះ Real Sociedad ដណ្តើមពាន Copa del Rey ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលដោយសារ COVID-19 ដែលនឹងធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Seville នៃប្រទេសអេស្ប៉ាញដូចគ្នា។

កន្លងមក Bilbao ធ្លាប់ឈ្នះជើងឯកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey បានចំនួន ២៣ដង និងឈ្នះចុងក្រោយនារដូវកាល ១៩៨៣-១៩៨៤៕